ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងកំណត់ជាថ្មី នូវកម្រិតកម្ពស់បេក្ខជនទាំងពីរភេទ ដែលមានបំណងប្រឡងយកក្របខណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីឆ្នាំ២០២៥ តទៅ។
នេះបើតាមការថ្លែងឱ្យដឹងពី លោកអភិសន្តិបណ្ឌិត ស សុខា ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើទូរសព្ទដៃ និងកុំព្យូទ័រ ជំនាន់ទី១ និងបើកវគ្គជំនាន់ទី២ របស់ក្រុមការងារយុវជនខេត្តព្រៃវែង នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នេះ។
ពីវេទិកាអធិបតី ដែលមានសិក្ខាកាមជ័យលាភីភាគច្រើនជាសិស្ស និងនិស្សិតក្នុងខេត្តព្រៃវែង ជិត៤០០នាក់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាសម្រាប់បេក្ខជនប្រឡងជ្រើសរើសនគរបាលជាតិ បេក្ខជនជាបុរសត្រូវមានកម្ពស់ចាប់ពី ១.៧០ម៉ែត្រ ឡើងទៅ ចំណែកបេក្ខជនជាស្ត្រីត្រូវមានកម្ពស់ចាប់ពី ១.៦៥ម៉ែត្រ ឡើងទៅ។
បើតាមលោកអភិសន្តិបណ្ឌិត ស សុខា ទន្ទឹមនឹងការកម្រិតកម្ពស់ថ្មីលើបេក្ខជនទាំងពីរភេទ ក្រសួងមហាផ្ទៃក៏បានរៀបចំរួចជាស្រេចហើយដែរ នូវលិខិតបទដ្ឋាន និងយន្តការគណៈកម្មការ ដើម្បីត្រៀមអនុវត្តការប្រឡងជ្រើសរើសនគរបាលតាមគោលការណ៍ថ្មីប្រកបដោយតម្លាភាព និងចំគោលដៅ ក្នុងនោះក៏រួមទាំងការផ្ដល់អាទិភាដល់បេក្ខជនគ្រប់លក្ខណៈសម្បត្តិនិងមានសមត្ថភាពទាំងឡាយណាដែលមានទីលំនៅក្នុងមូលដ្ឋានដែលមានតម្រូវការក្របខណ្ឌនោះផ្ទាល់តែម្ដង។
ភ្ជាប់នឹងជ័យលាភីទាំង ៣៧៨អង្គ/នាក់ ដែលទទួលការបណ្ដុះបណ្ដាលជំនាញរដ្ឋបាល និងផលិតវីដេអូតាមទូរសព្ទ និងកុំព្យូទ័រ លោកអភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្តដល់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់លក្ខខណ្ឌ ត្រៀមចូលរួមប្រឡងយកក្របខណ្ឌនគរបាលជាតិនាពេលខាងមុខ ដោយ ឯកឧត្តម មានក្ដីសង្ឃឹមថា សិក្ខាកាមជ័យលាភីដែលប្រឡងជាប់ ពិតជាចៀសមិនផុតឡើយពីការប្រើជំនាញដែលបានរៀនជាមួយក្រុមការងារយុវជនខេត្តព្រៃវែង ដើម្បីសម្រួលការងារប្រចាំថ្ងៃ។
ក្នុងន័យនេះ លោកអភិសន្តិបណ្ឌិត ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានកោតសរសើរក្រុមការងារយុវជនខេត្ត និងភាគីពាក់ព័ន្ធ ដែលសហការរៀបចំវគ្គបណ្ដុះបណ្ដាលដើម្បីផ្ដល់ឱកាសឱ្យសិក្ខាកាមបានសិក្សាដោយឥតគិតថ្លៃ និងបញ្ចប់ដោយជោគជ័យដល់ទៅ ៣៧៨អង្គនាក់។ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកទឹកចិត្តឱ្យក្រុមការងារយុវជនខេត្តព្រៃវែងបន្តរៀបចំវគ្គបណ្ដុះបណ្ដាលនេះឱ្យបានទៀងទាត់និងប្រកបដោយគុណភាព ដើម្បីរួមចំណែកគាំទ្រយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេស ការពង្រឹងធនធានមនុស្ស៕
ដោយ ៖ សិលា