ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អ្នកកាសែតដែលយកវិជ្ជាជីវៈទៅគំរាមទារលុយគេ នឹងត្រូវដកអាជ្ញាបណ្ណ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារៈមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ អ្នកកាសែតដែលល្អ តែងផ្តល់ព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល ប៉ុន្តែអ្នកកាសែតដែលគ្មានវិជ្ជាជីវៈ តែងតែទៅគំរាមទារលុយគេ ប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការតឹងរ៉ឹងចំពោះអ្នកកាសែតទាំងឡាយណា ដែលធ្វើការខុសក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន ដោយត្រូវដកអាជ្ញាបណ្ណចេញ ហើយសម្រាប់ករណីធ្ងន់ធ្ងរ អាចឈានដល់ការមិនអនុញ្ញាតឱ្យប្រកបមុខរបរនេះជារៀងរហូតទៀតផង។

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅរដ្ឋមន្ត្រីព័ត៌មានលោក នេត្រ ភក្ត្រា មានវិធានការដកអាជ្ញាបណ្ណលើសារព័ត៌មានណាដែលប្រើប្រាស់តួនាទីរបស់ខ្លួនទៅកៀបយកលុយពីពលរដ្ឋ ដោយថាសកម្មភាពបែបនេះវាបានធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីការអន្តរាគមន៍របស់សម្ដេចតាមរយៈការចុះផ្សាយរបស់សារព័ត៌មានតាមបណ្ដាញសង្គមដែលសម្ដេចបានឃើញថាព័ត៌មានខ្លះពិត និងខ្លះទៀតត្រូវបានគេប្រឌិតឡើង។ សម្ដេចបានបង្ហាញការមិនពេញចិត្តពេលដឹងថាសារព័ត៌មានមួយពេលកៀកយកលុយគេមិនបានរួចចុះផ្សាយបង្ខូចកេរ្តិ៍ឈ្មោះគេថែមទៀត ដែលជារឿងមិនអាចទទួលយកបាន និងគួរមានវិធានការ៕

ដោយ ៖ សិលា


ចែករំលែក៖