ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖ ប្រវតិ្តសាស្រ្តនិងបទពិសោធន៍ជាក់ស្តែងបង្ហាញថា វត្តអារាម ព្រះសង្ឃ ព្រះពុទ្ធសាសនាដើរតួនាទីដ៏សំខាន់នៅក្នុងការបណ្តុះបណ្តាលនូវបញ្ញាញាណជាថ្នាលបណ្តុះគ្រាប់ពូជបញ្ញាវន្តសម្រាប់ការអភិរក្ស និងអភិវឌ្ឍជាតិលើគ្រប់វិស័យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ប្រទេសជាតិមួយមានការអភិវឌ្ឍប្រកបដោយសមធម៌ និងមានចីរភាពទាមទារឱ្យមានការអប់រំផ្នែកគុណធម៌ សីលធម៌ និងចរិយាធម៌ ជាពិសេសការអប់រំតាមគន្លងមាគ៌ាតាមព្រះពុទ្ធសាសនា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បញ្ចុះបឋមសិលាកសាងសារៈមន្ទីរតំកល់វត្ថុបុរាណនៅវត្តរាជបូណ៌ខេត្តសៀមរាប» នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
សម្តេចបញ្ជាក់ថា ៖ ចាប់ពីឆ្នាំទី២ទៅ សម្តេចនឹងចុះតាមមូលដ្ឋានច្រើន ដើម្បីពិនិត្យមើលលទ្ធផលជាក់ស្តែង នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកាសដាក់ចេញ ពិសេសវិស័យអាទិភាពមួយចំនួន។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមួយឆ្នាំដំបូង ខ្ញុំពាក់ក្រវាត់កច្រើនណាស់ ហើយទម្លាប់ខ្ញុំនេះមិនចូលចិត្តប៉ុន្មានទេ តែឆ្នាំទី១ ខ្ញុំចំណាយពេលច្រើននៅរដ្ឋបាលលើ ដោយសារត្រូវចេញទៅក្រៅប្រទេស ត្រូវទទួលបដិសណ្ឋារកិច្ច ត្រូវប្រកាសដាក់គោលនយោបាយ ត្រូវចុះតាមក្រសួងបូកសរុប ឆ្នាំទី១ ដើម្បីឱ្យស្គាល់ តែឆ្នាំទី២ទៅ ខ្ញុំអត់ចុះទេ ខ្ញុំចុះតែក្រសួងណាសំខាន់ៗប៉ុណ្ណោះ ហើយចាប់ឆ្នាំទី២ទៅ ជាឆ្នាំដែលចុះតាមដានត្រួតពិនិត្យ នៃការដាក់ចេញនូវគោលនយោបាយ ដែលបានដាក់ចេញកាលពីឆ្នាំទី១ ចុះទៅឆែកដល់មូលដ្ឋានតែម្តង»៕
ដោយ ៖ សិលា