ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកបុកហាងកាហ្វេក្នុងទីក្រុងប៉ារីស មនុស្សជាច្រើននាក់រងរបួស

ចែករំលែក៖

ប៉ូលិសបារាំងបាននិយាយថា រថយន្តមួយគ្រឿងបានបើកបុកហាងកាហ្វេមួយកន្លែងនៅសង្កាត់ទី 20 ភាគខាងជើងទីក្រុងប៉ារីស កាលពីយប់ថ្ងៃពុធ (១៧ កក្កដា) ដោយបានសម្លាប់មនុស្ស ១ នាក់ និងរបួស ៦ នាក់ ក្នុងនោះមនុស្ស ៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ប៉ូលិសបាននិយាយថា អ្នកបើកបរបានរត់គេចពីកន្លែងកើតហេតុ បន្ទាប់ពីបានបុកហាងកាហ្វេមួយឈ្មោះថា Le Ramus ក្នុងទីក្រុងប៉ារីស។ ប្រភពពីប៉ូលិសបាននិយាយថា មានមនុស្សម្នាក់ទៀតនៅក្នុងរថយន្តនោះ ដែលធ្វើតេស្តឃើញមានជាតិអាល់កុល និងថ្នាំញៀន។ ជននេះមិនស្ថិតក្នុងចំណោមអ្នករងរបួសនោះទេ។
ក្រោយពេលកើតហេតុ ក្រុមអ្នកជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុ ហើយបានយកអ្នករបួសទៅមន្ទីរពេទ្យ ។ យ៉ាងហោចណាស់មានរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងត្រូវបានបញ្ជូនមក។
កន្លែងគើតហេតុកំពុងត្រូវបានស៊ើបអង្កេត ហើយក្រុមកម្ចាត់គ្រាប់បែកត្រូវបានចល័តដើម្បីអនុវត្តការត្រួតពិនិត្យជាផ្នែកនៃ “វិធានការសុវត្ថិភាព”។ អ្នកស៊ើបអង្កេតមិនទាន់បញ្ជាក់ថា តើនេះជាគ្រោះថ្នាក់ឬជា «ចេតនា» របស់អ្នកបើកបរនោះទេ ។
អ្នករត់តុនៅហាងកាហ្វេមួយទៀតនៅចម្ងាយ ២០០ ម៉ែត្របាននិយាយថា គាត់បានឃើញរថយន្តឆ្លងកាត់ “ក្នុងល្បឿនយ៉ាងពេញទំហឹង” មុនពេលឮសំឡេងខ្លាំង។ បុគ្គលិកនៃភោជនីយដ្ឋានមួយផ្សេងទៀតបាននិយាយថា រថយន្ត “បើកខុសផ្លូវនៅផ្លូវម្ខាង ហើយបានបុក “ចូលទៅក្នុងហាងកាហ្វេ។
បារាំងកំពុងមានការប្រុងប្រយ័ត្នសុវត្ថិភាពខ្ពស់មុនព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីសដែលនឹងបើកនៅថ្ងៃទី២៦ ខែកក្កដា។ ការគំរាមកំហែងភេរវជនជាបន្តបន្ទាប់ត្រូវបានចេញដោយ IS ក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡា៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖