ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបម៉ាកមែរសឺដេកមួយគ្រឿងបេីកបរដោយយុវជនម្នាក់រួមដំណើរដោយមិត្តភក្តិ៣នាក់ទៀតបានធ្វេីដំណេីរយ៉ាងលឿនមិនប្រយ័ត្នធ្វើឱ្យរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យខូចខាតរបាំងថ្មចំនួន០២កង់ រីឯរថយន្តបង្កខូចផ្នែកខាងមុខខ្ទេច តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡេីយ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកមែរសឺដេស ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខកម្ពុជា YONG.1.7 បើកបរដោយយុវជនម្នាក់រួមដំណើរជាមួយនឹងមិត្តភក្តិបីនាក់ទៀត តាមបណ្ដោយផ្លូវព្រះសីហនុក្នុងទិសដៅពីលិចទៅកើតដោយល្បឿនយ៉ាងលឿន ។ ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឱ្យខូចខាតចំនួនពីរកង់ខ្ទាតចេញពីកន្លែងដើមទៅចំណែកផ្លូវម្ខាងទៀត រីឯរថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង តែសំណាងដែរក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសអ្វីនោះឡេីយ ។
ក្រោយកេីតហេតុភ្លាមៗ អ្នកបើករថយន្តបង្កនិងអ្នករួមដំណើរបានបើកទ្វាររថយន្តគេចពីកន្លែងកើតហេតុបាត់ស្រមោល ។ បន្តិចក្រោយមកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីម្ចាស់រថយន្តបង្កចូលខ្លួនដោះស្រាយតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ