ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ ក្នុងរយៈពេលមួយថ្ងៃ កម្លាំងសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៦៥នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ ,បទល្មើសគ្រឿងញៀន និងករណីក្មេងទំនើង កាលពីថ្ងៃទី១៩ ខែកក្កដាម្សិលមិញនេះ។
លោកអ្នកនាំពាក្យរូបនេះ បានថ្លែងបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៦៥នាក់នោះ មាន ៤៧នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន ២២ករណី និងជនសង្ស័យ ១៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសព្រហ្មទណ្ឌ ០៦ករណី។ ចំណែកករណីក្មេងទំនើងទាំង ០៤នាក់នោះ មាននៅ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមានឡេីង។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស ជាពិសេសករណីក្មេងទំនើង និងបម្រើប្រជាពលរដ្ឋផងដែរ៕
ដោយ៖ តារា