ការបង្កើនការធ្វើឱ្យស៊ីជម្រៅថែមទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន លទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ ផ្តល់នូវវិជ្ជមានភាព ចាក់បញ្ចូលទៅក្នុងរបៀបវារៈគោលនយោបាយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីបន្តកែលម្អនិងអភិវឌ្ឍរបបសង្គមនិយមដែលមានលក្ខណៈពិសេសចិន និងជំរុញការធ្វើទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ចនិងសមត្ថភាពអភិបាលកិច្ច ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ការកសាងបាននូវប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ នៅពាក់កណ្តាលសតវត្សរ៍នេះ ដោយបន្តឈានក្នុងដំណើរយ៉ាងស្វាហាប់ក្នុងសង្គមវិបុលភាពខ្ពស់នៅក្នុងគ្រប់ទិដ្ឋភាព ដោយបន្ថែមវិធីសាស្រ្អអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ក្នុងការជំរុញការកសាងប្រទេសខ្លាំងក្លានិងបុព្វហេតុស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញតាមរយៈ ការធ្វើទំនើបកម្មតាមបែបផែនចិន។
ដោយបង្កើនល្បឿនដំណោះស្រាយបញ្ចប់ភាពក្រីក្ររបស់ប្រជាជនចិន នោះឆ្នាំ១៩៧៨ជាដំណាក់កាលដំបូងនៃការកែទម្រង់និងការបើកចំហសេដ្ឋកិច្ច បានក្លាយជាគីឡូម៉ែត្រចេញដំណើរនៃវិបុលភាពសង្គម ឈានឆ្ពោះទៅដោះសោ លេខកូដសម្ងាត់ភាពក្រីក្រទាំងស្រុង ដូចដែលបក្សកុម្មុយនិស្តចិន បានសន្យាទុកសម្រាប់រយៈពេល១០០ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃបង្កើតបក្ស សម្រាប់បិទបញ្ចប់គោលដៅតស៊ូមួយរយឆ្នាំទីមួយ។
កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់បក្សកុម្មុយនិស្តចិននិងប្រជាជាតិចិនទូទាំងប្រទេស ដំណើរការនៃទំនើបកម្មសង្គមនិយមតាមបែបផែនចិនកាន់តែល្បីរន្ទឺចាប់ពីឆ្នាំ២០២១មក ដែលជាការគូសរំលេចនូវស្នូរជួងឮខ្ទរខ្ទារប្រាប់ដល់ពិភពលោកពីស្ថានភាពជាក់ស្តែងដែលប្រជាជនចិនទាំងមូលបានទទួលនូវកម្រិតជីវភាពរុងរឿងស្របតាមដំណើរ នៃការធ្វើទំនើបកម្មតាមបែបផែនចិន បានផ្តល់វិភាគទានដល់ការរៀបចំកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ ដែលបានប្រារព្ធកាលពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ដោយបានរំលេចថា ភាពបើកទូលាយគឺជានិមិត្តសញ្ញានៃការធ្វើទំនើបកម្មតាមបែបផែនចិន ហើយក៏បង្ហាញពីកម្លាំងសាមគ្គីគ្នាកាន់តែខ្លាំងរបស់បក្ស យោធា ប្រជាជនគ្រប់ជនជាតិទាំងអស់ក្នុងប្រទេសចិន ក្រោមការដឹកនាំរបស់មជ្ឈិមបក្ស ដែលមានលោក Xi Jinping ជាប្រមុខស្នូលដើម្បីបន្តជ្រោងទង់កំណែទម្រង់និងបើកទូលាយ។
ជារួម លទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ បានបង្ហាញដោយប្រត្យក្សថា ប្រទេសចិននឹងជំរុញល្បឿនឈានឆ្ពោះទៅសម្រេចជោគជ័យក្នុងការបង្កើតវិបុលភាពខ្ពស់ដល់សង្គមនិយមតាមបែបផែនចិននៅក្នុងគ្រប់ទិដ្ឋភាពជូនដល់ប្រជាជនចិន ហើយចិននៅបន្តចូលរួមចំណែកកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត ជាកតាលីករជំរុញល្បឿននៃកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិស្របនឹងទិសដៅសន្តិភាព កិច្ចសហប្រតិបត្តិការពហុប៉ូលនិងឈ្នះ=ឈ្នះដែលចិនតែងប្រកាន់ខ្ជាប់ជានិច្ច៕
ដោយ៖ ធីរីណា