ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ឈុំ សុជាត ៖ យើងសង្ឃឹមថា នឹងទទួលបានដំណឹង អំពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លីខាងមុខនេះ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត ថ្ងៃនេះ ! អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ ដែលកំពុងអំណោយផល ដល់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង ។

តាំងពីម្សិលមិញរហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ ដែលកំពុងអំណោយផល ដល់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ នេះជាការបញ្ជាក់ពី លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។

លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានលើកឡើងថា ៖ នៅថ្ងៃនេះ កងកម្លាំងចម្រុះ បានបន្តធ្វើសកម្មភាពរុករកដោយស្វាហាប់ទាំងថ្មើរជើង និងពីលើដែនអាកាស ក្នុងនោះមានកម្លាំងមួយចំនួនបានសម្រូតខ្សែចុះពីឧទ្ធម្ភាគចក្រ នៅតាមចំណុចដែលមានការសង្ស័យ ដែលយើងសង្ឃឹមថា នឹងទទួលបានដំណឹង អំពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត ខ្ញុំសូមថ្លែងអំណរគុណដល់ កងកម្លាំងទាំងអស់ ដែលបានខិតខំយ៉ាងសកម្មមិនខ្លាចនឿយហត់ ក្នុងការស្វែងរកឧទ្ធម្ភាគចក្រ និងយោធិន២នាក់ ដែលបានបាត់ដំណឹង ក្នុងរយៈពេល១០ថ្ងៃមកនេះ ទោះបីជាមានបញ្ហាអាកាសធាតុ និងភូមិសាស្ត្រលំបាកក៏ដោយ និងសូមជូនពរ បងប្អូនកងកម្លាំងទាំងអស់គ្នាមានសុវត្ថិភាព និងទទួលបានជោគជ័យ៕

ដោយ ៖ សិលា


ចែករំលែក៖