ភ្នំពេញ ៖ «ការបម្រើសេវាសាធារណៈប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឆាប់រហ័សជូនដល់សាធារណជនជាកិច្ចការអាទិភាពមួយរបស់ក្រសួងព័ត៌មាន»។ នេះជាការគូសបញ្ជាក់របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នេះក្នុងឱកាសដែល លោកបានដឹកនាំកិច្ចប្រជុំ ដើម្បីធ្វើបច្ចុប្បន្នភាពកម្រងសេវាសាធារណៈរបស់ក្រសួងព័ត៌មាននៅទីស្តីការក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រីបានថ្លែងថា យើងចាំបាច់ត្រូវខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាសាធារណៈឱ្យបានទាន់ពេលវេលា និងគ្មានភាពស្មុគស្មាញ តាមរយៈការពន្លឿននីតិវិធី និងបង្កភាពងាយស្រួលដល់អ្នកស្នើសុំសេវា។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានបាននិងកំពុងពង្រឹងការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈរបស់ក្រសួង ដើម្បីបង្កើនប្រសិទ្ធភាពផ្តល់សេវា ក៏ដូចជាដើម្បីពង្រឹងការងារគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឱ្យបានកាន់រឹងមាំបន្ថែមទៀតជាពិសេសការគ្រប់គ្រងការចេញបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានជាដើម។
ក្រសួងព័ត៌មានបានដាក់ឱ្យដំណើរការច្រកចេញចូលតែមួយរបស់ខ្លួននៅខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះជាមួយការបន្តធ្វើការកែទម្រង់លើការផ្តល់សេវាសាធារណៈឱ្យល្អប្រសើរ។ ក្រសួងព័ត៌មានបានផ្តល់សេវាមួយចំនួនរួមមានការផ្តល់អាជ្ញាបណ្ណផ្នែកសារព័ត៌មាន ការផ្សព្វផ្សាយពាណិជ្ជកម្ម ការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម តាមប៉ាណូ អាហ្វីស រោងពុម្ពជាដើម ៕
ដោយ ៖ សិលា