ព័ត៌មានទាន់ហេតុការណ៍៖

ឈ្លោះបានប្រយោជន៍អី ? ទីបំផុតជម្លោះដ៏ក្តៅគគុករវាងអ្នកនាង ម៉េង កែវពេជ្ជតា និង ចន ច័ន្ទលក្ខិណា បានឈានដល់ទីបញ្ចប់ ក្រោមការសម្របសម្រួលរបស់លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង !

ចែករំលែក៖

ភ្នំពេញ ៖ ជម្លោះដ៏ក្តៅគគុក ដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ រវាងកំពូលតារាចម្រៀងជួរមុខ អ្នកនាង ម៉េង កែវពេជ្ជតា និងកំពូលតារាសម្តែងលេចធ្លោរ អ្នកនាង ចន ច័ន្ទលក្ខិណា បានឈានដល់ការចាក់ទឹកពន្លត់បញ្ចប់រឿង និង ផ្សះផ្សាជានាគ្នា១០០ភាគរយហើយ ក្រោមការសម្របសម្រួលប្រកបដោយភាពប៉ិនប្រសប់របស់លោកស្រី អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ។

លោកស្រី អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានលើកឡើងថា ៖ លោកស្រី បានជួបអ្នកនាង ម៉េង កែវពេជ្ជតា ផ្ទាល់កាលពីខែមុន នៅប្រទេសបារាំង និងបានសាកសួរព័ត៌មានលម្អិតរួចរាល់ លោកស្រី ក៏បានជួបអ្នកនាង ចន ច័ន្ទលក្ខិណា វិញម្តងកាលពីថ្ងៃ១៩ កក្កដា ឆ្នាំ២០២៤ ដើម្បីសិក្សាពីខ្លឹមសារសាច់រឿងឲ្យបានជុំ។ បន្ទាប់មក លោកស្រី អ្នកឧកញ៉ា ក៏បានអញ្ជើញពួកគាត់ទាំងពីរមកជួបមុខគ្នាដោយផ្ទាល់នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីដោះស្រាយឈានដល់ការបញ្ចប់រឿងតែម្តង។

ភាគីទាំងពីរ បានព្រមព្រៀងគ្នា ចចារបញ្ចប់ជម្លោះដ៏តានតឹងទាំងប៉ុន្មាន និងងាកមកចាប់ដៃគ្នា ធ្វើការងារជាប្រយោជន៍ដើម្បីជាតិមាតុភូមិ ពិសេសការងារក្នុងវិស័យសិល្បៈដ៏ល្អផូរផង់របស់កម្ពុជា។ 

សូមបញ្ជាក់ថា ៖ ជម្លោះដ៏រ៉ាំរ៉ៃរវាងកំពូលតារាទាំងពីរបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីការប៉ះទង្គិចគ្នាជាច្រើនលើកច្រើនសារ សង្គ្រាមពាក្យសម្តី រវាង អ្នកនាង ម៉េង កែវពេជ្ជតា និង អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានឈានដល់ការប្តឹងប្តល់គ្នាឡើងតុលាការគួរឲ្យភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ ដោយភាគីទាំងសងខាងសុទ្ធតែមានការប្តេជ្ញាស៊ូស្លាប់តតាំងគ្នាដល់ទីបញ្ចប់។

ដោយមើលឃើញពីស្ថានការណ៍កាន់តែអាក្រក់បែបនេះ លោកស្រី អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ក៏បានចូលខ្លួនធ្វើជាអ្នកសម្របសម្រួលប្រកបដោយភាពម៉ឺងម៉ាត់ និងតម្លាភាព ដោយឈរលើគោលការណ៍ឈ្នះ ឈ្នះ ទាំងសងខាង ៕

ដោយ ៖ សិលា


ចែករំលែក៖