ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើង២នាក់ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត កាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១១និង៣០នាទី ឃាត់យកមកសួរនាំក្រោយពីពួកគេបានជិះម៉ូតូបង្ហោះតាមដងផ្លូវទីប្រជុំជនយ៉ាងអនាធិបតេយ្យ សកម្មភាពនេះបង្កឲ្យនូវអសន្តិសុខសណ្តាប់ធ្នាប់សង្គម និង ងាយបង្កគ្រោះថ្នាក់ដល់ពលរដ្ឋឬ អ្នកដំណើរតាមផ្លូវ។
នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ក្មេងទំនើងទាំង២នាក់មាន៖ ១.ឈ្មោះ ស៊ីន ណាវី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូនម្ហូបអាហារនិង២. ឈ្មោះ ធិញ ដេត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
នៅចំពោះមុខនគរបាលសួរនាំ ក្មេងទំនើងទាំង២នាក់បានឆ្លើយសារភាពថា ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១យប់ឈានចូលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៤ ខ្លួននិងបក្ខពួកចំនួន៣ម៉ូតូ ពិតជាបាននាំគ្នាជិះម៉ូតូបង្ហោះលើដងផ្លូវសាធារណៈក្នុងក្រុងប៉ោយប៉ែតពិតប្រាកដមែន។
បច្ចុប្បន្ននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ក្មេងទំនើងទាំង២នាក់ កំពុងស្ថិតក្នុងការសួរនាំរបស់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត សួរនាំនិងចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ វណ្ណា