ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលចរាចរណ៍ ហាមហៅ ហាមត្រួតពិនិត្យបើគ្មានបទល្មើស និងត្រូវស្គាល់តួនាទីភារកិច្ចតាមច្បាប់!

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារយ៉ាងខ្លីដល់មន្ត្រីចរាចរណ៍អនុវត្តច្បាប់ថា ៖ «មន្ត្រីនគរបាលចរាចរណ៍ ហាមហៅ ហាមត្រួតពិនិត្យបើគ្មានបទល្មើស និងត្រូវស្គាល់តួនាទីភារកិច្ចតាមច្បាប់!» ។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរម្លឹកថា ៖ «ក្នុងនោះ ខ្ញុំសូមបញ្ជាក់ផងដែរថា គ្រប់អ្នកពាក់ព័ន្ធដែលចុះអនុវត្តច្បាប់ ទីមួយធំបំផុត ត្រូវយល់ពីតួនាទី ភារកិច្ច របស់ខ្លួនឲ្យបានច្បាស់លាស់ .. នេះជាចំណុចសំខាន់ណាស់ ! បើយើងចុះទៅទាំងបិទភ្នែក មិនដឹងថា ស្អីខុស ស្អីត្រូវ ឬអង្គុយធ្វើគិតតែពីលើស នេះហើយគឺជាការខុសឆ្គង ជាពិសេសការខ្វះខាតក្នុង ការស្វែងយល់ និងការសិក្សា ពីកន្លែងធ្វើការរបស់ខ្លួន ពីតួនាទី ភារកិច្ច ! »។

លោកអភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តថា ៖ «ខ្ញុំក៏សូមបញ្ជាក់ផងដែរថា, ចំពោះមន្ត្រីចរាចរណ៍អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់ ធំបំផុតត្រូវអនុវត្ត ឱ្យបានត្រឹមត្រូវនូវគោលការណ៍ច្បាប់ បើសិនជាគ្មានបទល្មើស ហាមហៅ ឬមួយហាមត្រួតពិនិត្យ ក្នុងគោលដៅដើម្បីកុំឲ្យរំខាន ដល់អ្នកធ្វើដំណើរ» ។  លោកអភិសន្តិបណ្ឌិត បានលើកឡើងថា ៖ «ត្រង់នេះខ្ញុំសូមលើកឡើងបន្តិច ! មន្ត្រីមួយចំនួនតូចនៅតែអនុវត្តខុសច្បាប់ ដែលបានកំណត់ និងបានណែនាំ , ដូច្នេះហើយចាប់ពីពេលនេះតទៅ ខ្ញុំបញ្ជាក់ថា អស់លោកដែលជាមន្ត្រីក្រោមឱវាទ ទទួលបន្ទុកការងារនេះ សូមឱ្យដាស់តឿនដល់មន្ត្រីក្រោមឱវាទដទៃទៀត ក្នុងគោលដៅកាត់បន្ថយភាពថ្នាំងថ្នាក់ រវាងប្រជាពលរដ្ឋ និងមហាជនដទៃទៀត ជាពិសេសការវាយប្រហារតាមប្រព័ន្ធទំនាក់ទំនងបណ្ដាញសង្គមហ្វេសប៊ុក ឬតាមប្រពន្ធផ្សព្វផ្សាយផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖