ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាគ្រឿងញៀនពីរនាក់ ត្រូវនគរបាលស្រុកឯកភ្នំ ឃាត់ខ្លួន រួមនិងគ្រឿងញៀនជាច្រើនកញ្ចប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មុខសញ្ញាចែកចាយគ្រឿងញៀនចំនួន ២នាក់ នៅស្រុកឯកភ្នំ ត្រូវវាបកម្លាំងជំនាញស្រុក ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជាមួយវត្ថុតាងជាក់ស្ដែង។

ប្រភពដដែលបន្តថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីវ: អធិការនគរបាលស្រុកឯកភ្នំ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២២និង៣០នាទី នៅចំណុចភូមិស្ដី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានចុះប្រតិបត្តិការ បង្ក្រាបបានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ១-ឈ្មោះ ចន មុំ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្ដី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និង២-ឈ្មោះ ឡុង សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ រហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ២៨ថង់ ។ ទូរស័ព្ទដៃចំនួន ០៣គ្រឿង។ សម្ភារ:សម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។ ថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕ដោយ៖តារា


ចែករំលែក៖