ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញសេចក្តីចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើ ជនសង្ស័យទាំង ០៥នាក់ខាងលើ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ តាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿង ព្រមទាំងជនសង្ស័យទៅ ចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធ ករណីក្រុមក្មេងទំនើងមានគ្នាចំនួន ០៥នាក់ ១.ឈ្មោះ ជា សុវណ្ណដារ៉ូ ហៅ ញ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ២.ឈ្មោះ ហាន កក្កដា ហៅ ស ភេទប្រុស អាយុ១៦ឆ្នាំ ៣.ឈ្មោះ វាសនា ម៉ារ៉ាឌី ភេទប្រុស អាយុ១៦ឆ្នាំ ៤.ឈ្មោះ ឡាយ ភារិទ្ធ ហៅ ប៉ាវ ភេទប្រុស អាយុ១៦ឆ្នាំ និង៥.ឈ្មោះ សៅ វិឆៃ ភេទ ប្រុស អាយុ២៦ឆ្នាំ មានដាវដែកចំនួន ០២ដើម ក្នុងពេលនោះឈ្មោះ ជា សុវណ្ណដារ៉ូ ក៏បានកាន់ដាវ ចំនួន ០១ដើម ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ សន វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ បណ្តាលឱ្យមានរបួសមុខខាងឆ្វេងធ្ងន់ធ្ងរ នៅចំណុចតាមបណ្តោយផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមាន ជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០២ និង០០នាទី រំលងអាធ្រាត រួចក៏បាននាំគ្នារត់គេចខ្លួនអស់ ។ ក្រោយមកនៅម៉ោង ១៣ និង០០នាទី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០៥នាក់ខាងលើរួមទាំងវត្ថុតាង ។

បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនារគារជាបណ្ដោះអាសន្ន៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖