ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថាបង្ហាញមុខជនសង្ស័យចំនួន ៣នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនខុសច្បាប់យ៉ាងសកម្មនៅក្រុងពោធិ៍សាត់ ជាសាធារណៈ មុននិងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តពោធិ៍សាត់ ដេីម្បីចាត់ការតាមច្បាប់។
គួរបញ្ជាក់ថា ដោយអនុវត្តតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអាត់ សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំបញ្ជាផ្ទាល់លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់បានចុះត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួល រួចបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ករណីរក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលរបស់ឈ្មោះ ជិន ភក្ដី ហៅង៉ោល ស្ថិតនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១១និង១១នាទី។
លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ លើករណី រក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ជាបន្តបន្ទាប់ ទី១ ឈ្មោះ ជិន ភក្ដី ហៅង៉ោល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (ជាមុខសញ្ញាជួញដូរសារធាតុញៀន និងជាម្ចាស់ថ្នាំញៀន)នឹងដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៤កញ្ចប់តូច ទម្ងន់០,៥៩ ក្រាម(ថ្លឹងសាច់ថ្នាំសុទ្ធ) អំពូលកែច្នៃសំរាប់ជក់គ្រឿងញៀនចំនួន១កំប្លេរ ទូរស័ព្ទចំនួន១ គ្រឿង។
បន្ទាប់ពីបានសួរចម្លើយបឋមនិងទទួលបានចម្លើយសហការពីជនសង្ស័យ ជិន ភក្ដី ហៅ ង៉ោល នៅវេលាម៉ោង១២និង៤០នាទី កម្លាំងសមត្ថកិច្ចក៏បានបន្តឃាត់ខ្លួនមុខសញ្ញា រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន១នាក់ទៀត ឈ្មោះ អៀម សុគន្ធ ហៅប៉ែត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកាត់ដេរ ស្នាក់នៅភូមិ ព្រែកត្នោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(ជាមុខសញ្ញាជួញដូរសារធាតុញៀន និងជាម្ចាស់ថ្នាំញៀន)នឹងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៥កញ្ចប់តូច និង២កញ្ចប់ធំ ទម្ងន់៩,០៩ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ) ឧបករណ៍កែច្នៃសំរាប់ជក់គ្រឿងញៀនចំនួន១កំប្លេរ ដែកកេះកែច្នៃសំរាប់ជក់គ្រឿងញៀនចំនួន១កំប្លេរ ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ទូរស័ព្ទចំនួន១គ្រឿង ម៉ូតូចំនួន១គ្រឿង។
បន្ទាប់ពីបានសួរចម្លើយបឋម និងទទួលបានចម្លើយសហការពីជនសង្ស័យ អៀម សុគន្ធ ហៅ ប៉ែត នៅវេលាម៉ោង១៣និង៣៣នាទី កម្លាំងសមត្ថកិច្ចក៏បានបន្តចុះឃាត់ខ្លួនមុខសញ្ញា រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន១ នាក់ទៀត ឈ្មោះ តាំង ស៊ុនហេង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ឆាខ្វៃ រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់(ជាមុខសញ្ញាជួញដូរសារធាតុញៀន និងជាម្ចាស់ថ្នាំញៀន)នឹងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១១កញ្ចប់តូច និង២កញ្ចប់ធំ ទម្ងន់ ១៨,៦៥ក្រាម(ថ្លឹងសាច់ថ្នាំសុទ្ធ) ឧបករណ៍កែច្នៃសំរាប់ជក់គ្រឿងញៀនចំនួន១កំប្លេរ អំពូលកែច្នៃសំរាប់ជក់គ្រឿងញៀនចំនួន១កំប្លេរ ដែកកេះកែច្នៃសំរាប់ជក់គ្រឿងញៀនចំនួន២ដើម ឧបករណ៍កែច្នៃសំរាប់ចូកគ្រឿងញៀនចំនួន ១កំប្លេរ ថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង ទូរស័ព្ទចំនួន១គ្រឿង កន្ត្រៃចំនួន១ដើម។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ រួមជាមួយវត្ថុតាង នៅថ្ងៃទី២៦ ខែកក្កដា ត្រូវបានសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ អរុណរះ