ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ បានចេញសេចក្ដីណែនាំ ស្ដីពីការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការ ដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។ គម្រោងព្រែកជីក ហ្វូណនតេជោនឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធ ដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែង ត្រង់ទៅសមុទ្រ បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិងបង្កើនផលិតភាព ការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទនិងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យទេសចរណ៍ និងវិនិយោគ ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ។

ក្នុងន័យនេះ ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ក្រសួងទេសចរណ៍ សូមជម្រាប លោក-លោកស្រីប្រធានមន្ទីរ ទេសចរណ៍រាជធានី-ខេត្ត និងប្រតិបត្តិករទេសចរណ៍ទាំងអស់ សូមរួមគ្នាវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង ០៩:០៩នាទីព្រឹក ឱ្យបានកុះករ ក្លៀវក្លា និងអធិកអធមជាទីមោទនៈ។

ទទួលបានសេចក្តីណែនាំនេះ ប្រតិបត្តិករទេសចរណ៍ទាំងអស់ សូមចូលរួមសហការ និងអនុវត្តខ្លឹមសារ ខាងលើនេះ ឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕ 

ដោយ ៖ សិលា


ចែករំលែក៖