ខេត្តតាកែវ៖ លោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ០៥នាក់ នៅស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនរួមនឹងថ្នាំញៀនជិត១០០កញ្ចប់ ព្រមទាំងរឹបអូសដាវកែច្នៃចំនួន០៣ដើមផងដែរ។
លោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះដោយមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ លោកវរសេនីយ៍ទោ កប សេម អធិការ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ដឹកនាំកម្លាំងជំនាញនិងអន្តរាគមន៍ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជីខ្មា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ចុះបង្រ្កាបករណីដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ប្រព្រឹត្តនៅចំណុចរោងខាងក្រោយផ្ទះជនសង្ស័យឈ្មោះ មាស ចាន់ធូ ក្នុងភូមិថ្កូវ ឃុំជីខ្មាស្រុកទ្រាំង ខេត្តតាកែវ (០១ករណី-០១ទីតាំង) ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ មានដូចខាងក្រោម៖
*១-ឈ្មោះជីម វណ្ណា ហៅរ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជីខ្មា ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ដកហូតវត្ថុតាង ម្សៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៩២កញ្ចប់ ទូរស័ព្ច០១គ្រឿង ដាវចំនួន០៣ដើម (ជួញដូរនិងប្រើប្រាស់ )
*២-ឈ្មោះយិន វ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្កូវ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ដកហូតវត្ថុតាងទូរស័ព្ចច០១គ្រឿង(ដឹកជញ្ជូននិងប្រើប្រាស់)
*៣-ឈ្មោះមាស ចាន់ធូ ហៅអៀង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្កូវ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ (ផ្ដល់ទីតាំងនិងប្រើប្រាស់)
*៤-ឈ្មោះអឿង បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងវែង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ដកហូតបានវត្ថុតាងទូរស័ព្ច០១គ្រឿង (ដឹកជញ្ជូននិងប្រើប្រាស់ )
*៥-ឈ្មោះកេន សុខា ហៅង៉ុស ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអណ្ដែងសាំងខ្មែរ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ (មុខសញ្ញាដឹកជញ្ជូន) ។
បច្ចុប្បន្នកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តតាកែវ និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់នៅថ្ងៃទី២៧ ខែកក្កដានេះ៕
ដោយ៖ តារា