ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំកូរ៉េខាងជើងជំរុញការកសាង «ភាពរុងរឿង» សម្រាប់ប្រជាជន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា វាគឺជាបេសកកម្មដ៏ពិសិដ្ឋមួយរបស់អ្នកជំនាន់បច្ចុប្បន្ន ដើម្បីកសាង «ឋានសួគ៌សម្រាប់ប្រជាជន» ផ្អែកលើមនោគមន៍វិជ្ជា បន្សល់ទុកដោយអ្នកជំនាន់មុន ដែលសម្រេចបាននូវជ័យជម្នះជាមួយការពលីឈាមស្រស់។
ការកត់សម្គាល់ខាងលើរបស់លោក គីម ជុងអ៊ុន ធ្វើឡើងនាឱកាសដែលកូរ៉េខាងជើង ប្រារព្ធខួបអនុស្សាវរីយសង្រ្គាមកូរ៉េនៅថ្ងៃទី២៧ ខែកក្កដានេះ និងអំឡុងធ្វើទស្សនកិច្ចកាលពីថ្ងៃសុក្រ ទី២៦ ខែកក្កដា ទៅកាន់ស្ដូបគោរពវិញ្ញាណក្ខន្ធអតីតយុទ្ធជនសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ រួមទាំងធ្វើដំណើរទៅកាន់ប៉មមិត្តភាពចងចាំវីរភាពរបស់ កងទ័ពរំដោះប្រជាជនចិន ដែលបានចូលជួយកូរ៉េខាងជើងក្នុងសង្រ្គាមនេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានគូសបញ្ជាក់ដូច្នេះថា «សមមិត្តគីម ជុងអ៊ុន បាននិយាយថា វាគឺជាបេសកកម្មដ៏ពិសិដ្ឋ និងជាភារកិច្ចរបស់ជំនាន់របស់យើងដើម្បីការពារមនោគមន៍វិជ្ជា និងប្រព័ន្ធដែលបន្សល់ទុកដោយអ្នកជំនាន់មុនដែលទទួលបានជោគជ័យក្នុងសង្រ្គាមជាមួយការពលីឈាមស្រស់ … និងដើម្បីកសាងឋានសួគ៌មួយសម្រាប់ប្រជាជន»។
កូរ៉េខាងជើង បានចាត់ទុកថ្ងៃទី២៧ ខែកក្កដា គឺជាទិវាជ័យជម្នះនៅក្នុងសង្រ្គាមប្រឆាំងនឹងកូរ៉េខាងត្បូងគាំទ្រដោយសហរដ្ឋអាមេរិកឆ្នាំ១៩៥០-១៩៥៣ បើទោះជាសង្រ្គាមនេះបញ្ចប់ទៅជាមួយបទឈប់បាញ់មួយ ពុះចែកប្រទេសកូរ៉េជា២ក៏ដោយ។ ប៉ុន្តែនៅកូរ៉េខាងត្បូងវិញ មិនមានការរៀបចំពិធីឬព្រឹត្តិការណ៍ធំដុំដើម្បីរំឮកទិវានេះនោះឡើយ៕ ដោយ៖ ធីរីណា

រូបថត៖ KCNA


ចែករំលែក៖