ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ គេហទំព័រអង្គភាពសារព័ត៌មាន សានព្រហ្ម បានបង្ហោះវីដេអូធ្វើការកែតម្រូវនូវខ្លឹមសារដែលបានចុះផ្សាយថា «ជាប់ឃុំ ដោយសារចាបចៀន យុវជនពីរនាក់ត្រូវឃាត់ខ្លួន គ្រាន់តែឈ្លោះគ្នារឿងចាបចៀន ហើយគេប្តឹងទារសំណង៥ពាន់ដុល្លារ តើសមហេតុផលដែរទេ? កើតនៅឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
តាមការបំភ្លឺរបស់អង្គភាពសារព័ត៌មាន សានព្រហ្ម មូលហេតុដែលបានចុះផ្សាយវីដេអូសម្ភាសន៍នាំឱ្យសាធារណជនមានការភាន់ច្រឡំនេះ គឺដោយសារការសំណូមពរពីភាគីពាក់ព័ន្ធឱ្យសារព័ត៌មានខាងលើទៅធ្វើការសម្ភាសន៍ផ្ទាល់ ដោយមិនទាន់ទទួលបានព័ត៌មានច្បាស់ការណ៍ពីសមត្ថកិច្ចជំនាញនៅឡើយ គឺយកមកចុះផ្សាយមុន។
អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបជាព័ត៌មាន៕
ដោយ៖ តារា