ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នេះ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ គណៈប្រតិភូកងទ័ពប្រជាជនឡាវនឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
បន្ទាប់មកនឹងអញ្ជើញទៅទស្សនកិច្ចនៅកងពលតូចលេខ ៧០ ចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ ៖ សិលា