ភ្នំពេញ ៖ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបន្តផលិតមាតិកាព័ត៌មានល្អៗបានកាន់តែច្រើនពាក់ព័ន្ធសម្បត្តិធម្មជាតិ សុខភាពសាធារណៈ បម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារ អាហារូបត្ថម្ភជាដើម ដើម្បីអោយសាធារណៈជនបានដឹងពីការវិវឌ្ឍនៃប្រភេទជំងឺ និងមេរោគថ្មីៗកាន់តែគ្រោះថ្នាក់ឡើង, ដូច្នេះហើយគ្រប់ក្រសួង ស្ថាបន័ អង្គការជាតិ អន្តរជាតិនិងអ្នកសារព័ត៌មានមិនអាចនៅប្រងើយកន្តើយនៅក្នុងការដែលមិនគិតពីបញ្ហារួម នៃបញ្ហាសុខភាពរួមតែមួយនោះទេ, តាមរយៈអង្គសិក្ខាសាលាបើកដំណើការគម្រោង “ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់សុខភាពតែមួយ” MEDAI FOR ONE HEALTH រៀបចំឡើងដោយភ្នាក់ងារអភិវឌ្ឍន៍ប្រពន្ធ័ផ្សព្វផ្សាយនៃប្រទេសបារាំង CFI ដែលជាប្រតិបត្តិការក្រសួងអឺរ៉ុប និងបរទេសបារាំង ទទួលបន្ទុកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ នាសណ្ឋាគារ Sun Way ភ្នំពេញ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជម្រុញដល់អ្នកសារព័ត៌មាន ពង្រីកនូវចំណេះដឹងរបស់ខ្លួន និងពង្រឹងនូវស្នាដៃសរសេរអត្ថបទរបស់ខ្លួន ដើម្បផ្តល់នូវចំណេះដឹងងាយយល់ដល់សាធារណៈជន ព្រោះថាការចូលរួមផ្សព្វផ្សាយគ្រប់ជ្រុងជ្រោយប្រកបដោយខ្លឹមសារល្អៗនេះហើយដែលនាំអោយអ្នកសារព័ត៌មានអាចចូលរួមដោះស្រាយបញ្ហាសង្គម តាមរយៈការផ្តល់នូវការអប់រំជូនដល់ប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់ ការពារ ពិសេសចូលរួមជា មួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយលើការចំណាយទៅលើគ្រោះមហន្តរាយ នៃជំងឺផ្សេងៗដែលយើងអាចបង្ការ និងការពារបាន ។ ទន្ទឹមនេះក៏ជាការពង្រឹងនូវការយល់ដឹងរបស់សង្គមដែលមិនអាចស្ថិតនៅនឹងមួយកន្លែង ដោយមិនរត់តាមការវិវឌ្ឍនៃបច្ចេកវិទ្យា ការផ្លាស់ប្តូរនៃបរិយាកាស និងការប្រែប្រួលអាកាសធាតុនោះទេ ។ ការប្រែប្រួលអាកាសធាតុដែលត្រូវប្រឈមនៅពេលខាងមុខវាកាន់តែធ្វើអោយជំងឺ និងមេរោគ កាន់តែមានភាពធន់ទៅនឹងការផ្លាស់ប្តូរបរិយាកាស អាកាសធាតុនិងបរិស្ថាន បង្កើតអោយមានមេរោគថ្មីៗ គ្រោះមហន្តរាយថ្មីៗកើតឡើងចំពោះយើងទាំងអស់គ្នា ។ ដូចនេះហើយការប្រើប្រាស់តូនាទីរបស់ប្រពន្ធ័ផ្សព្វផ្សាយក្នុងការបញ្ជូនព័ត៌មាន ចំណេះដឹង និងការបង្ការទប់ស្កាត់ជាមុនទៅដល់ប្រជាពលរដ្ឋបានលឿន គឺជាភាពចាំបាច់ដើម្បីអោយសង្គមរបស់យើងជៀសចាកផុតពីការប្រឈមនានា ។
លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា គូសបញ្ជាក់ថា បច្ចុប្បន្ននេះ សារព័ត៌មានបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងសុខភាពសាធារណៈ ហើយតួនាទីនេះបានឆ្លុះបញ្ចាំងកាន់តែច្បាស់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតាមរយៈការលេចឡើងនូវជំងឺរាតត្បាតថ្មីៗ ដូចជាជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀតដែលកើតឡើងចំពោះមនុស្ស សត្វ ហើយដែលមានជាប់ពាក់ព័ន្ធនឹង ការប្រែប្រួល ធាតុអាកាស ឬការប៉ះពាល់បរិស្ថាន។ លោករដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ជាពិសេសនៅប្រទេសកម្ពុជា កំពុងតែជួបប្រទះ នឹងផលវិបាកនៃការប្រែប្រួលអាកាសធាតុជាសកល ដោយអាកាសធាតុចាប់ឡើងកម្តៅកាន់តែខ្ពស់មិនធ្លាប់មានពីមុនមក គ្រោះរាំងស្ងួត និងព្យុះទីហ្វុងជាដើម បានបង្កហានិភ័យកាន់តែខ្លាំងឡើងៗ និងមិនអាចប្រមើលទុកមុនបាន។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍមួយចំនួនពេលខ្លះ នាំដល់ការដាក់សម្ពាធទៅលើបរិស្ថាន ដែលបាតុភាពនេះ បានរួមចំណែកបង្កផលវិបាកនានា ដោយ ចាប់ផ្តើមពីផលប៉ះពាល់លើសុខភាពរបស់ មនុស្ស។ បញ្ហាផ្សេងៗទៀតមានដូចជា៖ ការវិវត្តនៃជំងឺថ្មីៗក្នុងចំណោមបសុសត្វ ហានិភ័យសុខភាពដោយសារកត្តាអាហារ ការបង្កើនភាពស៊ាំនៃមេរោគចំពោះការព្យាបាលដោយប្រើថ្នាំអង់ទីប្យូទិក ការគំរាមកំហែងឥតឈប់ឈរនៃការចម្លងជំងឺពីសត្វទៅមនុស្ស ។
លោក ហ្សាក់ ប៉ឺឡេ ( Jacques PELLET) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានលើកឡើងថា យន្តការ “សុខភាពតែមួយ” ឬ “One Health” អាចអនុញ្ញាតឱ្យយើងផ្តល់ចម្លើយ និងយុទ្ធសាស្ត្រប្រឆាំងចំពោះបញ្ហា និងហានិភ័យដែលកើតឡើងបាន។ ប៉ុន្តែរហូតមកដល់ពេលនេះ យន្តការ“សុខភាពតែមួយ” នៅតែត្រូវបានគេស្គាល់តិចតួចនៅឡើយក្នុងចំណោមប្រជាជន។ ថ្វីបើមានឯកសារជាច្រើននិយាយអំពីយន្តការនេះ ហើយត្រូវបានអនុវត្តយ៉ាងទូលំទូលាយដោយប្រទេសនានានៅក្នុងតំបន់ ដោយអង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិក៏ដោយ ក៏ការផ្សព្វផ្សាយព័ត៌មានអំពីបរិស្ថាន និងសុខភាពពុំទាន់បានបង្ហាញគ្រប់គ្រាន់ពីផលវិបាកច្រើនផ្នែកនៃការប្រែប្រួលអាកាសធាតុ និងបរិស្ថានទៅលើសុខភាពមនុស្ស និងសត្វនៅឡើយ។ ដូចនេះហើយបានជា ទីភ្នាក់ងារ CFI ចូលរួមជួយជ្រោមជ្រែងឱ្យអ្នកសារព័ត៌មានដើរតួនាទីឈានមុខមួយក្នុងការបង្ការជំងឺឆ្លង តាមរយៈការធ្វើជាអ្នកនាំសាររវាងអ្នកវិទ្យាសាស្ត្រ អ្នកធ្វើការសម្រេចចិត្ត សង្គមស៊ីវិល និងប្រជាជន ៕
ដោយ ៖ សិលា