ព័ត៌មានទាន់ហេតុការណ៍៖

ប្រាប់ហេីយតែមិនជឿទេ! ពេលនេះសមត្ថកិច្ចដកហូតរក្សាទុកម៉ូតូរយៈពេល​០៣ខែ​ គឺ​៩០ថ្ងៃនៅស្រុកថ្មគោល

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ស្រុក​ថ្មគោល​ បានឃាត់ខ្លួន​យុវសិស្ស​ចំនួន​ពីរនាក់​ បន្ទាប់​ពី​ពួកគេ​បានធ្វេី​សកម្មភាព​បង្ហោះ​ម៉ូតូ​នៅតាមដងផ្លូវ​ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ និងបានដកហូតម៉ូតូយកមករក្សាទុករយៈពេល​០៣ខែ​ គឺ​៩០ថ្ងៃ​ នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុកថ្មគោល។ 

ប្រភពដដែលបន្តថា​ យោងតាមបទបញ្ជារបស់លោកឧត្តម​សេនីយ៍ទោ​ ដាញ់អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការ​ដ្ឋានន​គរបាលខេត្តបាត់ដំបង​ សមត្ថកិច្ចនគរបាលស្រុកថ្មគោល​ កាលពីថ្ងៃទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២៤ម្សិលមិញនេះ​ បានធ្វេីការ​ស្រាវជ្រាវនិងឃាត់យុវជនចំនួ​ន​០២នាក់និងម៉ូតូ​០១គ្រឿងនាំមកអធិការដ្ឋានសាកសួរ​ បន្ទាប់ពីទទួ​ល​ ព័ត៌មានតាមរយៈបណ្តាញសង្គមថា​ពួកគេទាំងពីរនាក់នេះ​ ធ្វេីសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ​បង្កនូវភាពអាណាធិបតេយ្យ។ 

ជាមួយនេះសមត្ថកិច្ចដកហូតម៉ូតូដែលជិះបង្ហោះនោះរក្សាទុករយៈពេល០៣ខែស្មេីនឹង៩០ថ្ងៃ​ និងតម្រូវឱ្យធ្វេីពលកម្មនៅអធិការដ្ឋាន​នគរបាលស្រុក​ មុននឹងឱ្យឱពុក​ ម្តាយ​ ធានាយកទៅមូលដ្ឋានវិញ។ 

សូមឪពុក​ ម្តាយ​ អាណាព្យាបាល​ យកចិត្តទុកដាក់អប់រំកូន​ ចៅ​ កុំឱ្យប្រព្រឹត្តិសកម្មភាពបែបនេះ​ និងសកម្មភាពល្មេីសផ្សេងទៀត​ ពិសេសយុវជនទាំងអស់ត្រូវបញ្ឈ​ប់នូវស​កម្មភាពអាណាធិបតេយ្យនៅមូលដ្ឋានជាបន្តទៀត៕

ដោយ​៖ តារា​


ចែករំលែក៖