ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តតាកែវ, ឧត្តមសេនីយ៍ទោ ម៉ែន លី ជំនួសឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា

ចែករំលែក៖

ខេត្តតាកែវ ៖ ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ។

ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលត្រូវប្រកាសចូលកាន់តំណែងនោះ គឺលោកឧត្តមសេនីយ៍ទោ ម៉ែន លី ជំនួសលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ដែលត្រូវទទួលភារកិច្ចថ្មី។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី មុនចូលកាន់តំណែងនេះ កាន់តួនាទីជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

សូមរំលឹកថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក្នុងរយៈពេលជាង៣ឆ្នាំ នៃការកាន់តំណែងជាស្នងការនគរបាលខេត្តកំពង់ធំ បានសម្រេចនូវលទ្ធផលការងារ និងស្នាដៃយ៉ាងច្រើន ក្នុងនោះមានទាំងការពង្រឹងសមត្ថភាពនគរបាល កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងអង្គភាព។

លើសពីនេះ អនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល សំដៅធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។ 

នាយឧត្តមសេនីយ៍ ស ថេត មានប្រសាសន៍បញ្ជាកម្លាំងនគរបាលបន្ដយកចិត្តទុកដាក់តាមដានក្រុមជ្រុលនិយម ដែលចិញ្ចឹមចិត្តដណ្ដើមអំណាចតាមរយៈការធ្វើបដិវត្តពណ៌។

ក្នុងឱកាសអញ្ជើញជាអធិបតីភាភាព ប្រកាសចូលកាន់តំណែងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា កងកម្លាំងនគរបាលជាតិ មិនត្រូវបណ្ដែតបណ្ដោយឲ្យក្រុមជនអគតិបង្កចលាចលបាននោះឡើយ ពោលត្រូវតែចាត់វិធានការតាមផ្លូវច្បាប់បានឡើយ។

នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងយ៉ាងដូច្នេះថា «មកទល់ពេលនេះ ក្រុមជនគតិជ្រុលនិយមនៅតែបន្ដចិញ្ចឹមចិត្តដណ្ដើមអំណាចពីរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការធ្វើបដិវត្តពណ៌ញុះញង់ប្រជាពលរដ្ឋ សកម្មភាពនេះយើងជានគរបាលអនុវត្តច្បាប់ ត្រូវតែចាត់វិធានការម៉ឺងម៉ាត់ភ្លាមៗឲ្យបានទាន់ពេលវេលា»៕

ដោយ ៖ សិលា


ចែករំលែក៖