ព័ត៌មានទាន់ហេតុការណ៍៖

តើវាសនាជនសម្តែងឫទ្ធិបាញ់កាំភ្លើងក្នុងក្លិបឈ្មោះ ខុន បញ្ចសិទ្ធ ទៅជាយ៉ាងណាបន្តទៀត ខណៈតំណាងអយ្យការបញ្ចប់ការស៊ើបសួរនិងចោទប្រកាន់ជាផ្លូវការហើយ

ចែករំលែក៖

ភ្នំពេញ ៖ ជនត្រូវចោទឈ្មោះ ខុន បញ្ចសិទ្ធ ជាមេធាវីផង ជាឧកញ៉ាផង បាញ់នៅក្នុងក្លិបកម្សាន្ត Central.X ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេច ចោទប្រកាន់ជាផ្លូវការពីបទកាន់កាប់ប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះនិងគ្រាប់រំសេវ និង ម្នាក់ទៀត ឈ្មោះ ជឿន ចុន ត្រូវបានចោទប្រកាន់ពីបទលាក់បាំងតម្រុយ តាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ ។

    សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញត្រូវបញ្ជូនជនសង្ស័យឈ្មោះ ខុន បញ្ចសិទ្ធ ជាមេធាវីផង ជាឧកញ៉ាផង បាញ់នៅក្លិបកម្សាន្ត Central.X និងបក្ខពួកជាតៃកុងឡាន ទៅកាន់អយ្យការចាត់ការបន្តតាមនីតិវិធី។

    សូមរំលឹកថា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ០០និង៣០នាទី មានមនុស្សប្រុសស្រីមួយក្រុមបាននាំគ្នាចូលក្លិបកម្សាន្ត Central.X ដោយហៅស្រា Hennessy ០២ដបផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឫកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមគោរពហែហមលើកតម្កើងជាមនុស្សសំខាន់ជាងគេនោះ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អារមេ៉បញ្ចូលគ្រាប់ កាន់រេចុះឡើងសម្ញែងទៅលើទៅក្រោម ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ ដោយឃើញសភាពបែបនេះ មេការក្លឹបបានតាមអង្វរបុរសម្នាក់នោះ សុំឱ្យយកកាំភ្លើងទៅទុកក្នុងឡាន ស្រាប់តែបុរសនោះបានបាញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឫទ្ធិអំណាចរបស់ខ្លួន ធ្វើឱ្យភ្ញៀវផ្អើលឈូឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ជូនកងរាជអាវុធហត្ថខណ្ឌចំការមនចុះអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនីតិវិធី ព្រមទាំងដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19  ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ។ អាចក្នុងឡានជនសង្ស័យមានអាវុធ ទាំង២ដើមនេះ ព្រោះជនសង្ស័យឈ្មោះ ខុន បញ្ចសិទ្ធ ជាមេធាវីផង ជាឧកញ៉ាផង ដែលសមត្ថកិច្ចចាត់ទុកថាជាអ្នកមានជាន់ថ្មី តែចៃដន្យអីជួបកម្លាំងកងរាជអាវុធហត្ថភ្នំពេញ ជាសមត្ថកិច្ចជើងយូរមាជំនាញបង្ក្រាប ។

   សូមជម្រាបថា ៖ ជនសង្ស័យរូបនេះបានសារភាពទទួលស្គាល់ថា អាវុធខ្លីពិតជារបស់ខ្ញុំមែន តែអ្នកបាញ់គឺជាតៃកុងឡានខ្ញុំនោះទេ។ រីឯតៃកុងឡានបានសារភាពទទួលស្គាល់ថាខ្លួនពិតជាអ្នកបាញ់ដូចសម្តីមេខ្លួនបានលើកឡើងប្រាកដមែន។ តែតាមវិធានស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ រកតម្រុយឃើញថា អ្នកបាញ់ពិតប្រាកដគឺជាបុគ្គលឈ្មោះ ខុន បញ្ចសិទ្ធិ មិនមែនជាតៃកុងឡាននោះទេ «ជនសង្ស័យមានចេតនាទុច្ចរិតឆ្លើយភូតកុហកសមត្ថកិច្ច គឺជាបទល្មើសទៅហើយ» ។ 

   ករណីនេះ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាមដានដោយយកចិត្តទុកដាក់បំផុត ខណៈអំពើខាងលើនេះសង្គមស្អប់ខ្ពើមបំផុត ហេតុអីខ្លួនជាមេធាវី ជាអ្នកអ្នកច្បាប់ មានងារជាឧកញ៉ា ប្រព្រឹត្តបទល្មើសបែបនេះ ។ ត្រូវយល់ថា ប្រទេសជាតិយើងគ្រប់គ្រងដោយច្បាប់ «នីតិរដ្ឋ» តុលាការឯករាជ្យ ! សង្ឃឹមថា  គ្មានវប្បធម៌អន្តរាគមន៍ ជ្រៀតជ្រែកដល់ប្រព័ន្ធតុលាការនោះឡើយ ដើម្បីរួមគ្នាលុបបំបាត់នូវនិទណ្ឌភាព នៃបទល្មើស ដែលកើតមាននៅក្នុងសង្គមជាតិរបស់យើង ។

    បច្ចុប្បន្នជនត្រូវចោទទាំងពីរនាក់ត្រូវបានបញ្ជូនទៅដំណាក់កាលចៅក្រមស៊ើបសួរបន្ត អាចត្រូវបានសម្រេចឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ននាពេលឆាប់ៗនេះ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖