ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នេះ បានអញ្ជើញទទួលជួបលោក John Lee Ka-chiu ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅឯវិមានសន្តិភាព។ ជាជំនួប ក្នុងពេលដែលប្រធានប្រតិបត្តិរូបនេះ អញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា។
ក្នុងជំនួបនាពេលនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង លោក John Lee Ka-chiu បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ចំនួន២ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំបន់រដ្ឋបាលពិសេសហុងកុង និងជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង។
អនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន២ នេះ រួមមាន៖
១. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិនិយោគហុងកុងនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណៈរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
២. អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជុំវិញដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត កៅ មុយថង អ្នកវិភាគចាត់ទុកថា នាំមកនូវផលប្រយោជន៍ ជាច្រើនដល់ប្រទេសកម្ពុជា ក្នុងនោះ ទស្សនកិច្ចនេះ អាចជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយទីក្រុងហុងកុង សំដៅដល់ការទាក់ទាញ និងពង្រីកឱកាសវិនិយោគ ដើម្បីពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
លោកបណ្ឌិតបន្តថា ហុងកុងជាតំបន់សេដ្ឋកិច្ចដ៏ធំ ដែលមានក្រុមហ៊ុនអន្តរជាតិជាច្រើន។ ដូច្នេះ ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាការលើកទឹកចិត្តឱ្យមានការវិនិយោគថ្មីៗនៅកម្ពុជា ខណៈពេលដែលកម្ពុជាកំពុងព្យាយាមបង្កើនការវិនិយោគបរទេស។
« ម្យ៉ាងទៀត ដំណើរទស្សនកិច្ចនេះ ពិតជាអាចនាំឱ្យមានការផ្លាស់ប្តូរបច្ចេកវិទ្យា ទំនើបៗ ដើម្បីជួយកម្ពុជា ដោះស្រាយបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យា របស់យើង..ទស្សនកិច្ចនេះក៏អាចបង្កើនសហប្រតិបត្តិការ នៅវិស័យផ្សេងៗ ដូចជា វិស័យអប់រំ បច្ចេកវិទ្យា ទេសចរណ៍ និងវប្បធម៌ ជាដើម ដូច្នេះ ដំណើរទស្សនកិច្ចរបស់លោក John Lee អាចមានប្រយោជន៍ច្រើនដល់កម្ពុជាដោយសារតែការបង្កើនទំនាក់ទំនង សហប្រតិបត្តិការ និងការវិនិយោគថ្មីៗ ដែលអាចជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត»។
ជុំវិញរឿងនេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានអញ្ជើញទៅទទួលស្វាគមន៍ ដោយផ្ទាល់ចំពោះវត្តមាននៃការមកដល់ របស់លោក John Lee Ka-chiu បានលើកឡើងថា «ស្ថានទូតចិនប្រចាំនៅកម្ពុជានឹងបន្តគាំទ្រយ៉ាងពេញទំហឹងនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក រវាងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា»៕
ដោយ ៖ សិលា