ភ្នំពេញ៖ ក្នុងឱកាសនៃជំនួប លោកឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន (Khamlieng Outhakaysone) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានគោរពជម្រាបជូនសម្ដេចធិបតី អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម គឺ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ។ លោកអនុរដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្តេចធិបតីបន្ថែម អំពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ មានជាអាទិ៍៖ (១) កិច្ចសហប្រតិបត្តិការសន្តិសុខ នៅតាមបណ្តោយព្រំដែន រួមទាំងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ (២) ការផ្លាស់ប្តូរសិក្ខាកាម និងការបណ្តុះបណ្តាលធនធានមនុស្ស និង(៣) ការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។
សម្ដេចធិបតី បានសម្ដែងនូវក្តីរីករាយចំពោះលទ្ធផលដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងភាពជិតស្និទ្ធ នៃទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ និងបានគាំទ្រការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពកម្ពុជា-ឡាវ ជាពិសេស ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចនាយទាហានជាន់ខ្ពស់ ការបង្កើនការបណ្តុះបណ្តាលសិក្ខាកាម ការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា សម្រាប់ការជួយសង្គ្រោះក្នុងគ្រាមានគ្រោះមហន្តរាយ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរគ្រឿងញៀន ។
សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរ បន្តរក្សាមិត្តភាព សាមគ្គីភាព និងកិច្ចសហការ នៅតាមបណ្តាខេត្តជាប់ព្រំដែន និងពិភាក្សាស្វែងរកនូវសកម្មភាពថ្មីៗ សំដៅផ្លាស់ប្តូរបទពិសោធន៍ ដែលនឹងរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ លើគ្រប់វិស័យ៕
ដោយ៖ តារា