ភ្នំពេញ៖ ដើម្បីឱ្យពិធីអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ដំណើរការទៅដោយរលូន មានភាពគគ្រឹកគគ្រេង ធានាបានទាំងសន្តិសុខ សុវត្ថិភាព នៅរាត្រីថ្ងៃទី៥សីហា ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងមានពិធីទូងស្គរ ប្រគំតន្ត្រីមានអ្នកចូលរួមជាង១ម៉ឺននាក់ និងបាញ់កាំជ្រួចនៅទន្លេ៤មុខ២លើកក្នុងថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់បែបនេះ ខណៈដែលលោកបើកកិច្ចប្រជុំជាមួយកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
តាមគម្រោងដែលបានរៀបចំ នៅថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ គឺនៅរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ មានព្រឹត្តិការណ៍ដ៏ធំមួយនៅកោះពេជ្រ ដោយរដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំការប្រគំតន្ត្រីដែលមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ មានការរៀបចំបាញ់កាំជ្រួចនៅទន្លេ៤មុខចំនួន២លើក។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ គម្រោងព្រែកជីកហ្វូណន-តេជោនឹងបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហាឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលនៃការបើកការដ្ឋាននេះនៅពេលព្រឹក គ្រប់ខណ្ឌគ្រប់មន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នេះនៅតាមអង្គភាពរបស់ខ្លួនអោយបានសមស្រប ទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គរអោយមានភាពគគ្រឹកគគ្រេងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារសាសនា នានានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក៏មានការទូងស្គរបែបនេះផងដែរ។
លោក ឃួង ស្រេង បានបន្តទៀតថា៖ សម្រាប់ពេលរាត្រីថ្ងៃទី០៥ ខែសីហា នៅកោះពេជ្រ យើងមានការរៀបចំការប្រគំតន្ត្រីដែលមានសិល្បករនិងកីឡាករ ល្បីៗរបស់កម្ពុជា ដោយមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនឹងការបាញ់កាំជ្រួចចំនួន២លើក នៅម៉ោង៧និង២០នាទី១លើក និងនៅម៉ោង៩និង០៩នាទីមួយលើកទៀត។
លោក ឃួង ស្រេង ក៏បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវការពារសន្តិសុខ សណ្តាប់ក្នុងពិធីខាងលើនេះឱ្យបានល្អ ដោយចាប់ផ្តើមពិនិត្យអាវុធជាតិផ្ទុះចាប់ពីពេលនេះតទៅ។ បន្ថែមពីនេះ ការរៀបចំអនាម័យ បរិស្ថានក៏ត្រូវធ្វើឡើងអោយបានស្អាតព្រមៗគ្នាដែរ។
លោក ឃួង ស្រេង ក៏បានជំរុញក្រុមអ្នកព័ត៌មានចុះផ្តិតយករូបភាពនៃសកម្មភាពទូងស្គរ អបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ថ្ងៃទី៥ សីហា តាមទីតាំងផ្សេងៗក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅសាលារាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយ និងផុសផុលព្រោះវាជាថ្ងៃប្រវត្តិសាស្ត្រលើកទី១របស់កម្ពុជា។
សូមបញ្ជាក់ថា៖ គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោនេះ ដោយគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី០៥សីហា២០២៤ ខាងមុខនេះ៕
ដោយ ៖ សំរិត