ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសំណេះសំណាល ជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំសិក្សា ២០២៤ -២០២៥ មុននឹងចេញទៅបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានា នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសទទួលជួបបដិសណ្ឋារកិច្ចនេះលោកបណ្ឌិត បានពាំនាំប្រសាន៍ផ្តាំផ្ញើរបស់ លោក ឧបនាយករដ្ឋមន្ត្រី អបអរសាទរ និងសួរសុខទុក្ខ ដល់ក្រុមនិស្សិត។
នាឱកាសនោះ លោកបណ្ឌិត ក៏បានចែករំលែកអំពីបទពិសោធន៍ផ្ទាល់ខ្លួន អំពីការសិក្សានៅបរទេស ក្នុងនាមជានិសិ្សតអាហារូបករណ៍ និងបទពិសោធន៍ការងារនានា ទាំងនៅក្នុងប្រទេសនិងនៅបរទេសនាពេលកន្លងមក ហើយបច្ចុប្បន្នក្នុងក្របខណ្ឌ មន្ត្រីរាជការ ជូនដល់ក្រុមនិស្សិតដើម្បីត្រៀមលក្ខណៈសម្រាប់ការបន្តការសិក្សា និងការឈោងចាប់យកអាជីពរបស់ខ្លួន នៅក្រោយបញ្ចប់ការសិក្សាដោយជោគជ័យហើនោះ។
ជាចុងក្រោយ លោកបណ្ឌិត បានសំណូមពរ ដល់ក្រុមនិស្សិតឱ្យចូលរួមចំណែកដើរតួជាទូត សុឆន្ទៈក្នុងការផ្សព្វផ្សាយទៅកាន់មជ្ឍដ្ឋាននិស្សិតអន្តរជាតិដែលកំពុងសិក្សានៅសាកលវិទ្យាល័យជាមួយគ្នា ឱ្យស្គាល់កាន់តែច្បាស់អំពីប្រទេសកម្ពុជា ជាពិសេសអំពីកាលានុវត្តភាពវិនិយោគ ធុរកិច្ច និង ភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជាដែលជាគោលដៅទាក់ទាញមួយ របស់ទេសចរអន្តរជាតិ នៅក្នុងអំឡុងពេលដែលខ្លួនបំពេញបេសកកម្មសិក្សា និងស្រាវជ្រាវ នៅសាធារណរដ្ឋប្រជាមានិតចិននោះ ៕
ដោយ ៖ សិលា