ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសបើកវេទិកាសហគ្រិនឆ្នើម​ និង ពានរង្វាន់បណ្តាញ​សហគ្រិនស្ត្រីអាស៊ាន (AWEN) ឆ្នាំ ២០២៤

ចែករំលែក៖

ភ្នំពេញ​៖​ មានប្រសាសន៍ក្នុងពិធីបើកវេទិកាដ៏មហោទ្បារិកនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអបអរសាទរ និងកោតសរសើរចំពោះសហគ្រិនស្ត្រីគ្រប់រូប សម្រាប់កិច្ចខិតខំប្រឹងប្រែង ភាពជោគជ័យ និងការរួមចំណែកដល់ប្រទេសជាតិ ក៏ដូចជាតំបន់អាស៊ានទាំងមូល ដែលព្រឹត្តិការណ៍ក្នុងថ្ងៃនេះ គឺជាភស្តុតាងមិនអាចប្រកែកបាន នៃស្មារតីអង់អាចរបស់ស្ត្រីអាស៊ាន ដែលហ៊ានជម្នះ​​ឧបសគ្គ មានមហិច្ឆតា និងហ៊ានដឹកនាំ ហើយបានដើរតួនាទីយ៉ាងសំខាន់ ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច តំបន់អាស៊ាន ឱ្យក្លាយជាសេដ្ឋកិច្ចធំជាងគេទី ៥ នៅលើពិភពលោក ដោយបានរួមចំណែកដល់ការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ព្រមទាំងគាំទ្រ​ដល់​ការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈវេទិកាតំបន់ និងអន្តរជាតិ ជំរុញកំណើន និងបង្កើននវានុវត្តន៍ឆ្លងព្រំដែន ។ សម្តេចធិបតី បានបញ្ជាក់ផងដែរថា ស្ត្រីគឺជាបេះដូងនៃគ្រួសារ ជាព្រលឹងនៃសហគមន៍ និងជាវិចារណញ្ញាណនៃប្រជាជាតិ​។ ការបីបាច់ថែរក្សារបស់ស្ត្រី ផ្តល់​ឱ្យ​មាន​តុល្យភាព ប្រាជ្ញាស្មារតីរបស់ស្ត្រី ជួយ​នាំឱ្យ​មាន​ការសម្រេចចិត្តដ៏ត្រឹមត្រូវ​ ហើយភាពជាអ្នកដឹកនាំ ប្រកបដោយការចេះយល់ចិត្តរបស់ស្ត្រី ជំរុញឱ្យមានភាពសុខដុមរមនា ។ ការចូលរួមកាន់តែសកម្មរបស់ស្ត្រី នៅក្នុងសកម្មភាពសេដ្ឋកិច្ចតំបន់ និងអន្តរជាតិ មិនត្រឹមតែអាចជំរុញការអភិវឌ្ឍសហគ្រាសរបស់ពួកគេ​ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងរួមចំណែកដល់ការពង្រឹងភាពធន់ និងចីរភាពនៃសេដ្ឋកិច្ច ក្នុងសហគមន៍ និងប្រទេសជាតិទាំងមូលផងដែរ ។

សម្តេចធិបតី បានបន្តទៀតថា កម្ពុជា តែងទទួលស្គាល់តួនាទីដែលមិនអាចខ្វះបានរបស់ស្ត្រីក្នុងសង្គម និងសេដ្ឋកិច្ច ។ ប្រវត្តិនៃការផ្តោតសំខាន់លើ​ស្ត្រី មិនមែនគ្រាន់តែជារឿងនិទាន ទាក់ទងនឹង​​ការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនោះទេ ប៉ុន្តែក៏ជាប្រវត្តិនៃជ័យជម្នះផ្នែកសេដ្ឋកិច្ចផងដែរ​ ។ ភស្តុតាងជាច្រើនទសវត្សរ៍ បានបង្ហាញយ៉ាងច្បាស់ថា សមភាពយេនឌ័រ មិនមែនគ្រាន់តែជាបញ្ហានៃយុត្តិធម៌សង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏បាន​ផ្តល់​ជាជន្ទល់រឹងមាំ ដែលបាន​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ចយ៉ាង​ខ្លាំងក្លាផងដែរ ។ នៅពេលមានការលើកស្ទួយ​ស្ត្រី ធុរកិច្ចមានការកើនឡើង ហើយប្រទេសជាតិក៏នឹងរីកចម្រើន ។ ការប្តេជ្ញាចិត្តរបស់កម្ពុជា បាន​ស្តែងឡើង​តាមរយៈគំនិតផ្តួចផ្តើមនានា​ ដែល​គាំទ្រដល់សហគ្រិនស្ត្រី ។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងកិច្ចការនារីជាសេនាធិការ បាន និងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការកសាងបរិយាកាសគាំទ្រដល់សហគ្រិនស្ត្រី តាមរយៈ​ការសម្រួលដល់ការបង្កើតបណ្តាញស្ត្រី ដូចជា សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) សហព័ន្ធស្ត្រីអ្នកជំនួញកម្ពុជា (CWBF) ព្រមទាំង មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ដើម្បីផ្តល់ការបណ្តុះបណ្តាលផ្នែកធុរកិច្ចដែលចាំបាច់ និងការអភិវឌ្ឍជំនាញដល់ស្ត្រី និងសហគ្រិនស្ត្រី ។ ទន្ទឹមនេះ ដើម្បីដោះស្រាយបញ្ហាភាពមានកម្រិតនៃការទទួលបានហិរញ្ញប្បទាន រាជរដ្ឋាភិបាលបានអនុវត្តគំនិតផ្តួចផ្តើមហិរញ្ញវត្ថុមួយចំនួន ដើម្បីគាំទ្រដល់សហគ្រិនស្ត្រី ដូចជា ការដាក់ឱ្យដំណើរការ គម្រោងហិរញ្ញប្បទានសហគ្រិនស្ត្រី តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដើម្បីផ្តល់ហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងការដាក់ឱ្យប្រើប្រាស់ គម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រី តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីផ្តល់ការធានាឥណទានជាមួយនឹងលក្ខខណ្ឌអំណោយផល សំដៅជំរុញឱ្យស្ថាប័នផ្តល់ឥណទាន គាំទ្រដល់អាជីវកម្ម ដែលគ្រប់គ្រងដោយស្ត្រី ។ បន្ថែមលើនេះ ដើម្បីដឹកនាំការអនុវត្តការផ្តល់សិទ្ធិអំណាចដល់ស្ត្រី រាជរដ្ឋាភិបាល បានដាក់ចេញនូវ ផែនការ នារីរតនៈទី ៦ ៖ ផែនការយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ។ ផែនការយុទ្ធសាស្ត្រក្នុងដំណាក់កាល​នីមួយៗ ត្រូវបានរៀបចំឡើង ដោយឈរលើវឌ្ឍនភាពនៃផែនការយុទ្ធសាស្ត្រលើកមុនៗ និងស្របតាមច្បាប់ គោលនយោបាយជាតិ ការកែទម្រង់របស់រាជរដ្ឋាភិបាល និងរបៀបវារៈឆ្នាំ ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឈរលើគោលការណ៍មិនបោះបង់ពលរដ្ឋណាម្នាក់ ។

ជាចុងក្រោយ សម្តេចមហាបវរធិបតី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ បណ្តាញសហគ្រិនស្ត្រីអាស៊ាន(AWEN) និងបណ្តាញសហគ្រិនស្ត្រីនៅកម្ពុជា (CamWEN) ក្នុងការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលជាវេទិកាប្រកបដោយឧត្តមភាព​សម្រាប់ស្ត្រីទាំងឡាយ​ ដើម្បី​បង្ហាញសមត្ថភាព​លេចធ្លោរបស់ខ្លួន និងផ្តល់ជាគំរូ​ដល់សង្គម និង​ចំពោះ​ក្រសួង​កិច្ចការ​នារី ចំពោះ​ការ​​យកចិត្តទុកដាក់​ ក្នុងការ​ពង្រឹងភាពអង់អាច​ ​​ដល់​សហគ្រិន​ស្ត្រី​កម្ពុជា ៕

ដោយ​៖ តារា​


ចែករំលែក៖