ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺបានអញ្ជើញជាធិបតីភាពក្នុងកម្មពិធី បូកសរុបរបាយការណ៍ប្រចាំឆមាសទី១របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។ ក្នុងពិធីនោះក៏មានការចូលរួមមានឯកឧត្តម លោកជំទាវ ប្រធានក្រុមការងាររដ្ឋាភិបាលចូលមូលដ្ឋានតាមបណ្តាក្រុង ស្រុក និងលោក លោកស្រី តំណាងមន្ទីរអង្គភាពជុំវិញខេត្ត ក្រុង-ស្រុកទាំង៩ ជាច្រើនរូបផងដែរ។
តាមរបាយការណ៍ស្វាគមន៍របស់បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តកំពង់ស្ពឺបានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្ត បានចូលរួមពង្រឹងច្បាប់ចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ និងបាន រៀបចំកិច្ចប្រជុំក្រុម ការងារវេទិកាសាធារណៈ នូវបញ្ហាប្រឈម សំណូមពរ និងសកម្មភាពផ្សេងៗទៀតរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្រុង ស្រុក ឃុំសង្កាត់ ក្នុងខេត្តកំពង់ស្ពឺ។
លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ស្នើសុំដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន ក្រុង ស្រុកទាំង ៩ របស់ខេត្តកំពង់ស្ពឺ ត្រូវចុះទៅដល់ភូមិ ហើយពិនិត្យមើលទៅលើបច្ចុប្បន្នភាព និងបំពេញបន្ថែម ការងាររាជរដ្ឋាភិបាល នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ដែលខ្លួនទទួលខុសត្រូវ។ ប្រធានក្រុមការងារវេទិកាសារធារណៈ ត្រូវពិនិត្យ និងសម្រេចក្នុងការរៀបចំវេទិកាសាធារណៈនេះ តាមការគិតគូររបស់ខ្លួន នៅតាមភូមិឃុំក្នុងការអនុវត្តជាក់ស្ដែង។ ស្នើសុំក្រុមការងាររបស់រាជរដ្ឋាភិបាល ត្រូវសហការឱ្យបានស្អិតរមូតជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ដើម្បីរកវិធីសាស្រ្តក្នុងការដោះស្រាយនូវរាល់កង្វល់ ក៏ដូចជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលខ្លួនកំពុងគ្រប់គ្រង។ គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់នូវអ្វីដែលជាគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ទាំង៧ ចំណុច ក្នុងនោះរួមមានការផ្ដល់សេវាសាធារណៈ ពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាពតម្លាភាពនឹងទទួលបានជឿជាក់ពីប្រជាពលរដ្ឋ។ គ្មានបទ ល្មើសលួចឆក់ប្លន់គ្រឿងញៀនល្បែងស៊ី សង និងបទល្មើសគ្រប់ប្រភេទ។ ត្រូវមានសណ្ដាប់ធ្នាប់ល្អ ពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអាណាចារ គ្មានការជួញដូរមនុស្ស ជាពិសេសទៅលើស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង។ ត្រូវចូលរួមដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព ប្រសិទ្ធភាព។ តាមទីសាធារណៈត្រូវមានបរិស្ថានស្អាតល្អ ដើម្បីឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវផ្សេងៗ ប្រកបដោយប្រសិទ្ធភាព។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តឲ្យដឹងទៀតដែរថា បើយោងតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ច្បាស់ថា អាជ្ញាធរក្រុងស្រុកឃុំសង្កាត់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្ត ទៅលើគ្រឿងញៀន ល្បែងស៊ីសងតូចធំគ្រប់ប្រភេទ ក្នុងអាណត្តិទី ៧ មានគោលការណ៍យ៉ាងច្បាស់លាស់ ដោយមិនអនុញ្ញាតឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋាន ដែលប្រជាពលរដ្ឋកំពុងរស់នៅ នោះឡើយ។ ហើយការចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀន បនល្បែងគ្រប់ប្រភេទទាំងអស់នេះ ត្រូវបានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមអបអរសាទរចំពោះវិធានការដ៏មុឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលផងដែរ៕
ដោយ៖ សូរិយា