ភ្នំពេញ ៖ នៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត សុខ ទូច បានស្នើដល់អ្នកវិភាគទាំងឡាយដែលលើកឡើងថាខ្មែរកាត់ដីឱ្យវៀតណាម នោះ ត្រូវយកឯកសារមកសិក្សាស្រាវជ្រាវ ដោយមិនត្រូវវិភាគតាមអារម្មណ៍នោះទេ។
លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា ៖ កាលពីជំនាន់មុន នៅពេលចុះសិក្សាស្រាវជ្រាវនៅព្រំដែនយើងប្រើប្រាស់ផ្លូវវៀតណាម ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាមានផ្លូវទៅដល់ព្រំដែនហើយ ដែលយើងអាចចុះទៅមើលផ្ទាល់បាននៅតាមតំបន់ព្រំដែនទាំងនោះដោយមិនត្រូវជឿតាមការចោទប្រកាន់ដែលនាំឱ្យខ្មែរឈ្លោះបែកបាក់គ្នា។
លោកបណ្ឌិត សុខ ទូច ក៏បានសង្កត់ធ្ងន់ថា បើសិនជារាជរដ្ឋាភិបាល មានបំណងកាត់ដីឱ្យវៀតណាមដូចការវិភាគរបស់អ្នកវិភាគ និងអ្នកនយោបាយមួយចំនួនចោទប្រកាន់មែននោះ កម្ពុជាយើងមិនចាំបាច់បោះបង្គោលព្រំដែនឱ្យបានរឹងមាំនោះទេ៕
ដោយ ៖ សិលា