ព័ត៌មានទាន់ហេតុការណ៍៖

អគារនៅ Chinatown ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន រងការឆាបឆេះ សម្លាប់មនុស្ស ១១នាក់

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា អាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា មនុស្សយ៉ាងហោច១១នាក់បានបាត់បង់ជីវិត នៅថ្ងៃសុក្រនេះ បន្ទាប់ពីអគារស្នាក់នៅនិងពាណិជ្ជកម្ម១ខ្នង មានកម្ពស់៥ជាន់ បានរងការឆាបឆេះ ក្នុងតំបន់ Chinatown នៃទីក្រុងម៉ានីល។

គ្រោះអគ្គិភ័យខាងលើ ដែលបានកើតឡើងនៅសង្កាត់ Binodo នៃរដ្ឋធានីរបស់ហ្វីលីពីន ត្រូវបានពន្លត់ទៅវិញរយៈពេលខ្ទង់៣ម៉ោង បន្ទាប់ពីក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ត្រូវបានជូនដំណឹង នាវេលាម៉ោងប្រមាណ ៧៖៣០នាទីព្រឹក។ យ៉ាងណាមិញ មិនមានការបង្ហើបពីមូលហេតុដែលបង្កឱ្យមានភ្លើងឆេះនេះ នៅឡើយទេ។
ហ្វីលីពីនមានកំណត់ត្រាមិនសូវល្អប៉ុន្មានទេ ក្នុងការអនុវត្តវិធានការបង្ការគ្រោះអគ្គិភ័យ នៅតាមអគារ លំនៅដ្ឋាន និងកន្លែងធ្វើការ។ តួយ៉ាង មនុស្ស១៦នាក់ បានស្លាប់ គ្រោះអគ្គិភ័យនៅអគារមួយកន្លែង កាលពីខែសីហា ឆ្នាំ២០២៣។ រីឯកាលពីឆ្នាំ២០១៧ គ្រោះអគ្គិភ័យនៅផ្សារលក់ទំនិញមួយ ក្នុងទីក្រុង Davao ភាគខាងត្បូងប្រទេស បានផ្តាច់ជីវិតមនុស្ស ៣៨នាក់៕ ដោយ៖ ធីរីណា

រូបថត​៖ GMA NEWS ONLINE


ចែករំលែក៖