ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនកាកបាទក្រហមកម្ពុជា និងលើកទិសដៅការងារបន្ត កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណៈកម្មាធិការកណ្តាល ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ត្រីទីស្នាក់ការកណ្តាល សាកលវិទ្យាធិការ ប្រធានកិត្តិយសក្លឹបយុវជន ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៥ក្នុងរាជធានីភ្នំពេញ សរុបប្រមាណចំនួន ១៣១នាក់ ។
ក្នុងឱកាសនោះ លោកស្រីបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៥ ក្នុងរាជធានីភ្នំពេញ និងគ្រឹះស្ថានមធ្យមសិក្សាចំនួន ៦០៣ នៅទូទាំងប្រទេស ហើយកម្លាំយុវជនទាំងនោះបានទទួលការបណ្តុះបណ្តាលវគ្គមូលដ្ឋាន និងវិជ្ជាសង្គ្រោះបឋម និងមានសកម្មភាពរស់រវើកក្នុងការងារមនុស្សធម៌ និងការងារសង្គម ព្រមទាំងមានការយល់ដឹងពីគោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ដោយទទួលបានការលើកកម្ពស់ក្នុងភាពជាអ្នកដឹកនាំ និងលើទំនាក់ទំនងសហប្រតិបត្តិការជាតិ និងអន្តរជាតិ ផងដែរ ។
វឌ្ឍនភាពការងារទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងឆន្ទៈនៃការលះបង់កម្លាំងកាយចិត្ត ពេលវេលាប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ប្រធានគណៈកម្មាធិការសាខាទាំង ២៥ រាជធានី-ខេត្ត ក៏ដូចជា លោក លោកស្រី សាកលវិទ្យាធិការ នាយកវិទ្យាស្ថាន ដែលជាប្រធានកិត្តិយសក្លឹប ក្នុងការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ផ្តល់សារៈសំខាន់ទៅលើកម្លាំងយុវជន ដែលជាអ្នកស្ម័គ្រចិត្តវ័យក្មេងរបស់យើង ។
អង្គប្រជុំបានគាំទ្រអនុសាសន៍របស់ លោកស្រីបណ្ឌិត លើចែករំលែកនូវបទពិសោធន៍ក្នុងការលើកកម្ពស់ និងការចូលរួមរបស់យុវជននៅក្នុងសកម្មភាពមនុស្សធម៌ និងវិធីសាស្រ្តនៃការដោះស្រាយបញ្ហាប្រឈមនានា ក្នុងដំណើរការពង្រឹង និងកសាងកម្លាំងយុវជនថ្មី នៅតាមគ្រឹះស្ថានឧត្តមសិក្សា ដើម្បីអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស ក្នុងការពង្រឹងតួនាទីស្នូលរបស់យុវជន ដើម្បីសម្រេចបានសមិទ្ធផលធំធេងជាបន្តបន្ទាប់ក្នុងបុព្វហេតុមនុស្សធម៌ដ៏ធំមួយនេះ ៕