ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា ៖ ខ្ញុំបាទសូមជម្រាបជូនបណ្តាញព័ត៌មាន និងសាធារណជនមេត្តាជ្រាបថា នៅវេលាម៉ោង៤និង ៣០ នាទីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ រថភ្លើងមួយខ្សែចេញដំណើរពីបាត់ដំបង ឆ្ពោះទៅកាន់រាជធានីភ្នំពេញ បានជួបឧប្បត្តិហេតុធ្លាក់ទូរថភ្លើងដឹកប្រេងឥន្ធនៈចេញពីដែករ៉ៃ លើផ្លូវដែកភាគខាងជើងចំណុចPK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៦ទូ(ទូទទេ) មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់អ្នកបើកបរ អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវដែកឡើយ។
ក្រុមការងារនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia បានទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីអន្តរាគមន៍ និងយករថយន្តស្ទូចលើកទូរថភ្លើងមកដាក់លើផ្លូវដែកវិញ។
ក្រុមការងារបច្ចេកទេសកំពុងពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ដោយមើលឃើញស្ថានភាពផ្លូវដែកខូចខាតប្រវែង១០០ម៉ែត្រ និងស្រុតមួយចំហៀងដោយសារទឹកហូរច្រោះបន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។
លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន បន្តថា ៖ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ដែលទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល តែងបានប្រកាសប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក ប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្តនៅទូទាំងប្រទេសកម្ពុជា។ក្រុមហ៊ុននឹងនៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មអោយកាន់តែល្អជូនដល់អតិថិជនទាំងអស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
លទ្ធផល នៃការស្រាវជ្រាវលម្អិត នាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីក្រុមហ៊ុន Royal Railway Cambodia នឹងផ្សព្វផ្សាយនាពេលក្រោយ។
សូមអរគុណ🙏🙏🙏 ៕
ដោយ ៖ សិលា