ព័ត៌មានទាន់ហេតុការណ៍៖

ចំពោះមុខហានិភ័យសង្រ្គាមទ្រង់ទ្រាយធំនៅលីបង់ បារាំងស្នើពលរដ្ឋចាកចេញបន្ទាន់

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៤ ខែសីហានេះបានផ្សាយថា បារាំង បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនរស់នៅក្នុងប្រទេសលីបង់ ចាកចេញពីប្រទេសនេះ ខណៈភាពតានតឹងនៅតែបន្តកើនឡើង បន្ទាប់ពីអ៉ីរ៉ង់ចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកសម្លាប់មេដឹកនាំនយោបាយក្រុមហាម៉ាស់ លោក Ismail Haniyeh។

ក្រសួងការបរទេសបារាំង នៅក្នុងសេចក្ដីថ្លែងការណ៍មួយបានបញ្ជាក់ទៀតថា បារាំងបានជំរុញឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីលីបង់ ដោយសារតែបារម្ភពីហានិភ័យនៃការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំនៅក្នុងតំបន់មជ្ឈិមបូព៌ា។ បន្ថែមពីលើនេះ ក្រសួងក៏បានលើកឡើងជាថ្មីដែរពីការផ្ដល់យោបល់ឱ្យពលរដ្ឋបារាំងកុំធ្វើដំណើរទៅកាន់លីបង់។

គួរបញ្ជាក់ថា ក្រៅពីបារាំង សហរដ្ឋអាមេរិកក៏បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនដែលមានបំណងចាកចេញពីប្រទេសលីបង់ ត្រូវត្រៀមផែនការឱ្យបានលឿនផងដែរ ខណៈដែលចក្រភពអង់គ្លេសបានផ្ដល់យោបល់ឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសលីបង់ក្នុងពេលឥលូវ។ ចំណែក កាណាដា វិញបានព្រមានកុំឱ្យពលរដ្ឋខ្លួនធ្វើដំណើរទៅកាន់អ៉ីស្រាអែល។

ភាពតានតឹងនៅមជ្ឈិមបូព៌ាបានកើនឡើងនៅបន្ទាប់ពីមេដឹកនាំនយោបាយក្រុមហាម៉ាស់ លោក Ismail Haniyeh ត្រូវបានធ្វើឃាតក្នុងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃពុធកន្លងទៅ មួយថ្ងៃក្រោយការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលលើទីក្រុងបេរូត នៃប្រទេសលីបង់ បានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡាហ៍ម្នាក់ គឺលោក Fuad Shukr។ ទាំងក្រុមហាម៉ាស់និងហេសបូឡាហ៍ជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់។ អ៉ីស្រាអែលមិនបានប្រកែក ហើយក៏មិនបានទទួលស្គាល់នោះដែរជុំវិញការធ្វើឃាត លោក Haniyeh តែហាម៉ាស់និងអ៉ីរ៉ង់បានចោទថាជាស្នាដៃរបស់អ៉ីស្រាអែល និងគំរាមសងសឹកជាដាច់ខាត៕

ដោយ៖ ធីរីណា(រូបថត​៖ baomoi)


ចែករំលែក៖