ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនរាថយឡើយក្នុងការកសាងប្រទេសដើម្បីឧត្តមប្រយោជន៍ជាតិនិងប្រជាជន

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលប្រារព្ធឡើងនៅទឹកដីស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ កម្ពុជា មិនរាថយឡើយក្នុងការកសាងប្រទេសដើម្បីឧត្តមប្រយោជន៍ជាតិនិងប្រជាជនរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ «ព្រែកជីកហ្វូណនតេជោ» នឹងជួយលើកកម្ពស់ស្វ័យភាពសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការពង្រឹងឯករាជ្យភាព និងភាពម្ចាស់ការលើការដឹកជញ្ជូនតាមផ្លូវទឹកដែលនឹងជួយសម្រួលដល់លំហូពាណិជ្ជកម្ម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ៖ «ព្រែកជីកហ្វូណនតេជោ» នេះ ក៏នឹងក្លាយជាប្រព័ន្ធគ្រប់គ្រងធនធានទឹកដ៏មានប្រសិទ្ធភាព ដែលនឹងបើកសក្តានុពលនៃតំបន់ជាប់ផ្លូវទឹកជាច្រើនទៀត រួមទាំងតំបន់នៅតាមដងទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ ហើយដែលនឹងនាំមកនូវការវិនិយោគជាពិសេសក្នុងវិស័យឧស្សាហកម្ម កសិកម្ម ឡូជីស្ទីក និងអចលនទ្រព្យ ក៏ដូចជាសក្តានុពលនៃការអភិវឌ្ឍទៅដល់តំបន់ដែលព្រែកជីកនេះ ឆ្លងកាត់ ព្រមទាំងតំបន់ដទៃទៀតនៅទូទាំងប្រទេស។ 

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ថាបានជំរុញភាពខ្លាំងរបស់ប្រជាជាតិតាមរយៈការចូលរួមជាស្មារតីសាមគ្គីជាតិជាធ្លុងមួយ។ 

សម្ដេចធិបតី បានលើកឡើងឧទាហរណ៍ពីការចូលរួមគាំទ្រការសាងសង់ព្រែកជីកហ្វូណនតេជោដែលបានបើកការដ្ឋាននៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាបើ ខ្មែរបាត់បង់មោទនភាព បាត់បង់សាមគ្គីភាពជាតិ បាត់បង់នូវស្មារតីជាតិនិយម វានឹងធ្វើឲ្យខ្មែរទន់ខ្សោយ។ សម្ដេចបានលើកឡើងពីការដួលរលំនៃសម័យអង្គរដែលធ្វើឲ្យខ្មែរបែកបាក់សាមគ្គី ហើយទម្រាំតែអាចកសាងបានដូចពេលបច្ចុប្បន្នគឺប្រើពេលយ៉ាងយូរ។

សម្ដេចធិបតី ជឿថាការសម្រេចបាននូវការសាងសង់ព្រែកជីកហ្វូណនតេជោនេះគឺជាចំណុចចាប់ផ្ដើមនៃការរួបរួមសាមគ្គីជាតិខ្មែរឡើងវិញ។

សម្ដេចធិបតីសន្យាធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាសន្តិភាពជាតិនិងធ្វើឲ្យជាតិរួមគ្នាជាធ្លុងមួយ និងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើនរុងរឿង៕

ដោយ ៖ សិលា


ចែករំលែក៖