ភ្នំពេញ៖ លោក ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន អមដោយសំឡេងវាយគង ជួង រគាំង ស្គរ យ៉ាងកងរំពង អបអរសាទរស្របគ្នានឹងពិធីបើកការដ្ឋានសាងសង់គម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលត្រូវបានបើកជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមលោកបណ្ឌិតរដ្ឋមន្រ្តី អ៊ាង សុផល្លែត ថ្នាក់ដឹកនាំ និង មន្រ្តីរាជការក្រសួងបរិស្ថានទាំងអស់ សូមសម្តែងអំណរសាទរយ៉ាងក្លៀវក្លា ពោរពេញដោយមោទនភាពជាតិ ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ត គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីកិត្យានុភាព ឯករាជ្យភាព អធិបតេយ្យ និងភាពរីកចម្រើននិងជាគំនិតផ្តួចផ្តើមឡើងក្នុងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងបន្តអនុវត្តការសាងសង់ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឥស្សរជនបន្តវេនប្រកបដោយថាមពល មានឆន្ទៈមោះមុតនៅក្នុងការ ថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម និងជាពិសេសធានានូវការអភិវឌ្ឍរបស់ប្រទេសជាតិ ឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ ប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមាន ចំណូលខ្ពស់ នៅឆ្នាំ២០៥០។
គម្រោងព្រែកជីកហ្វូណនតេជោ ដែលតភ្ជាប់ផ្លូវទឹកទៅកាន់សមុទ្រ ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និង កែប មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ជាសមិទ្ធផលប្រវត្តិសាស្ត្រ ផ្តល់ផលប្រយោជន៍ពហុវិស័យ មានជាអាទិ៍
-កាត់បន្ថយរយៈចម្ងាយនិងតម្លៃនៃការដឹកជញ្ជូន
-បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន
-ពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វ
-ដោះស្រាយ និងកាត់បន្ថយបញ្ហាគ្រោះទឹកជំនន់
-ជួយគាំទ្រដល់ការអភិវឌ្ឍកិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងទៀត និងជំរុញការអភិវឌ្ឍ ទីក្រុង និងនគរូបនីយកម្ម
-ជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។
ជាពិសេស គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងបម្រើផលប្រយោជន៍ដ៏សន្ធឹកសន្ធាប់ សម្រាប់ប្រទេសជាតិសុទ្ធសាធ ធ្វើឱ្យកម្ពុជាមានឯករាជ្យ អធិបតេយ្យភាព លើប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹករបស់ខ្លួន និងអនុវត្តឡើងយ៉ាងត្រឹមត្រូវតាមបទប្បញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់នានា នៃព្រះរាជាណាចក្រកម្ពុជានឹងច្បាប់អន្តរជាតិពាក់ព័ន្ធ៕ដោយ៖តារា