ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិសង្គហបណ្ឌិត អញ្ជើញជាអធិបតី ក្នុងពិធីវាយគង ជួង រគាំង និងទូងស្គរ អបអរសាទរ​ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ចែករំលែក៖

ភ្នំពេញ÷សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ​រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីវាយគង ជួង រគាំង និងទូងស្គរ អបអរសាទរ​ការបើក​ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅទីស្នាក់ការរបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ស្ថិតនៅអគារលេខ ២៤០ វិថីឧកញ៉ាឈុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការ​អញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាចំនួនប្រមាណ ១០០នាក់ នាព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

គួរំលឹកផងដែរថា ព្រែកជីកហ្វូណនតេជោ​គឺជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន​សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ​កម្ពុជា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ត​ស្នាដៃ និងជំរុញបន្ថែមការអភិវឌ្ឍព្រែកជីកហ្វូណន​តេជោ នេះឲ្យសម្រេចបាននាពេលអនាគត។

ព្រែកជីកហ្វូណនតេជោនេះ ជា​គម្រោង​ផ្លូវទឹក ដែលត ភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្រកម្ពុជា ដោយឆ្លង កាត់ខេត្ត​ចំនួន ៤ គឺ ខេត្តកណ្តាល,តាកែវ,ខេត្តកំពត​និងកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ ដែលមានប្រជា ជនរស់នៅអម​ព្រែកជីកនេះប្រមាណ ១លាន ៦សែននាក់។ ព្រែកជីកហ្វូណនតេជោ បានផ្តល់អត្ថប្រយោជន៍មហា​សាលសម្រាប់​ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូនដូចជា កាត់​បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវ​ថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ បង្កើន​ទំហំពាណិជ្ជកម្ម អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត និង​វារីប្បកម្ម បង្កើត​ការងារបន្ថែមដល់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍ​ទីក្រុង នគរូបនីយកម្ម ការរីកចម្រើនផ្នែកអចលន​ទ្រព្យ ជំរុញទិន្នផល​ត្រីទឹកសាប ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា និង​ផលប្រយោជន៍ជាច្រើនទៀត។

សម្តេចកិត្តិសង្គហបណ្ឌិត និងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិ​រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន​តេជោ និងសូម​យក​ឱកាសដ៏វិសេសវិសាលនេះ គោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចអគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាព ដែលបានផ្តួចផ្តើមគម្រោងដ៏​មានសារប្រយោជន៍នេះ​ឡើង និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​ដែលបានគាំទ្រ និង​ជំរុញការ​អនុវត្តគម្រោងព្រែកជីកនេះឡើង រហូតឈានដល់ការបើកការដ្ឋាននាថ្ងៃនេះ៕


ចែករំលែក៖