ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៥៦១នាក់។ ចំពោះនិស្សិតជ័យលាភីដែលទទួលសញ្ញាបត្រ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់។ ក្នុងចំណោមនិស្សិតជ័យលាភីនេះ មាននិស្សិតផ្នែកវិទ្យាសាស្រ្ត សុខាភិបាលចំនួន ៤០៣នាក់ (នារី២៧៥នាក់) និងនិស្សិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចំនួន ១៥៨នាក់ (នារី ៥៨នាក់)។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
-សម្តេចធិបតី ថ្លែងថា ធនធានមនុស្សនៅតែជាកត្តាស្នូលនៃគោល នយោបាយរបស់រាជរដ្ឋាភិបាល ខណៈរាជរដ្ឋាភិបាលបានចាត់ទុកថា ស្ថាប័នឧត្តមសិក្សាជាដៃគូដ៏សំខាន់ដើម្បី លើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនោះ។
-សម្ដេចធិបតី ថ្លែងអរគុណប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានគាំទ្រគម្រោងការរៀបចំកសាងព្រែកជីកហ្វូណនតេជោ នេះគឺស្មារតីរួមគ្នា។ គម្រោងព្រែកជីកនេះ មិនមែនជាគម្រោងធម្មតានោះទេ វាជានិមិត្តរូបរួមគ្នារបស់ខ្មែរ។
-សម្តេចធិបតី ថ្លែងថា ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺនឹងធ្វើឲ្យជនរួមជាតិទាំងអស់ ទាំងក្រុមប្រឆាំង និងមិនប្រឆាំងអស់មន្ទិលសង្ស័យ និងអស់កង្វល់ក្រោយគម្រោងនេះ សាងសង់រួចជាស្ថាពរហើយនោះ។
-សម្ដេចធិបតី ថ្លែងថា សូមបងប្អូនកុំព្រួយបារម្ភចំពោះរដ្ឋាភិបាលសម្រាប់កសាងព្រែកជីកហ្វូណនតេជោ យើងត្រូវតែធ្វើឲ្យបានព្រែកជីកហ្វូនណនតេជោ ដោយមិនឲ្យបាត់បង់បូរណភាពទឹកដីនោះទេ យើងនឹងបន្តធ្វើរាប់រយឆ្នាំតទៅទៀតមិនថយក្រោយឡើយ។
-សម្ដេចធិបតី ថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោនេះ មានប្រជាជនខ្មែរមួយចំនួនមានការសង្ស័យលើសមត្ថភាពការដឹកនាំរបស់ជាតិខ្លួនឯង ថាបរទេសជាអ្នកសាងសង់ ការពិតភាគច្រើនគឺជាស្នាដៃរបស់កូនខ្មែរ ក្នុងការកសាងព្រែកជីកនេះ ដូច្នេះរដ្ឋាភិបាលត្រូវតែធ្វើគម្រោងនេះ ឱ្យបានចេញ ដើម្បីបញ្ចប់មន្ទិលសង្ស័យរបស់ប្រជាជនខ្មែរធ្វេីដើម្បីផលប្រយោជន៍ជាតិយើង។
-សម្តេចធិបតី ថ្លែងថា ចង់ខ្លាចចំពោះគ្រូទាយក្រុមជ្រុលនិយមមួយចំនួន ដែលតែងតែវាយប្រហាររិះគន់បែបបន្ទុចបង្អាក់លើគ្រប់សកម្មភាពរបស់សម្ដេច ដែលចុះពិនិត្យសកម្មភាពការងារផ្សេងៗ តាមខេត្តទូទាំងប្រទេស។
-សម្ដេចធិបតី ថ្លែងថា ក្នុងពេលខ្លីខាងមុខ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញនូវគោលនយោបាយដីធ្លី ដើម្បីទប់ស្កាត់ការរំលោភបំពាន់ដីធ្លីរបស់រដ្ឋ និងដោះស្រាយបញ្ហាពលរដ្ឋអត់ដី ដែលគោលនយោបាយនេះផ្ដោតទៅទិសឦសាន និងទិសសំខាន់ៗមួយចំនួនផ្សេងទៀត។
-សម្ដេចធិបតី ថ្លែងថា ផែនការអភិវឌ្ឍនៅតំបន់ព្រំដែននៃខេត្តទាំងបួនរបស់កម្ពុជាជាមួយប្រទេសជិតខាង(CLV-DTA) គឺជាផែនការអភិវឌ្ឍដែលមានការកសាងរៀបចំដោយខ្មែរខ្លួនឯង និងមានការជួយជ្រោមជ្រែងពីប្រទេសជាច្រើន ក្នុងនោះមានដូចជា អាល្លឺម៉ង់ និងជប៉ុនជាដើម ដើម្បីអភិវឌ្ឍន៍នៅតំបន់ទាំងនោះ។
-សម្ដេចធិបតី ថ្លែងថា តំបន់អភិវឌ្ឍន៍នៃខេត្តទាំងបួនរបស់កម្ពុជាជាមួ យប្រទេសជិតខាង(CLV-DTA) ចាប់តាំងពីដាក់ឱ្យដំណើរការមក, នៅក្នុងទឹកដីកម្ពុជាមានបរទេសជាច្រើនទៅបណ្ដាក់ទុនវិនិយោគនៅតំបន់នោះ ក្នុងនោះមានដូចជា អូស្ត្រាលី, ជប៉ុន និងចិន ជាដើម។ សម្ដេចធិបតី ចង់បានបំផុតឱ្យមានវិនិយោគិនខ្មែរក្នុងប្រទេស ទៅអភិវឌ្ឍនៅតំបន់នោះឱ្យបានច្រើន។
-សម្តេចធិបតី បានថ្លែងឆ្លើយតបទៅកាន់ក្រុមអ្នកវិភាគបែកផ្សែង និងក្រុមប្រឆាំងមួយក្តាប់តូច ដែលបានលើកឡើងថា មូលហេតុដែលគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវធ្វើបត់បែនមិនធ្វើត្រង់ ឬជីកត្រង់នោះ គឺដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងប៉ះពាល់ដល់គេហដ្ឋានប្រជាពលរដ្ឋជាដើម ខណៈគម្រោងនេះ ជីកកន្លែងថ្មីមានត្រឹមតែប៉ុន្មានគីឡូប៉ុណ្ណោះ។ ការលើកឡើងរបស់សម្តេចនេះ គឺបានធ្វើឡើងក្រោយក្រុមអ្នកវិភាគបែកផ្សែង និងក្រុមប្រឆាំងថា ការសាងសង់នូវព្រែកជីកហ្វូណនតេជោ មានលក្ខណៈពុករលួយដោយសារតែការជីក និងធ្វើបត់បែនច្រើន។
-សម្ដេចធិបតី ថ្លែងថា ប្រជាជនខ្មែរមិនល្ងង់នោះទេ ថ្នាក់ដឹកនាំខ្មែរអាចសម្រេចលើជោគវាសនាក្នុងការដឹកនាំប្រទេសដោយខ្លួន មិនចាំបាច់មានបរទេសព្រួយបារម្ភមកលើការអភិវឌ្ឍនៅស្រុកខ្មែរនោះទេ។
-សម្ដេចអធិបតី ថ្លែងថា មិនអាចធ្វើអត្តឃាតនយោបាយនោះទេ ប្រជាពលរដ្ឋមិនលើកលែងទេ រហូតតកូនចៅ រយៈពេលការបោះឆ្នោត ក្នុងអាណត្តិនីមួយៗ៥ឆ្នាំម្ដង គ្មានអ្នកណាចង់បំផ្លាញ អោយបាត់បង់ទឹកដី ឬអធិប្បតេយ្យភាពនោះទេ។
-សម្ដេចធិបតី ថ្លែងថា ឱ្យតែខ្មែរយើងខ្លាំង ប្រជាជនយើងខ្លាំង គ្មានបរទេស ឬអ្នកណាមកធ្វើបាបយើងបានទេ ដូច្នេះខ្មែរយើងត្រូវរួមគ្នាពង្រឹងខ្លួនឯង និងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
-សម្តេចធិបតី ថ្លែងថា ខេត្តព្រះសីហនុគឺជាគ្រាប់ពេជ្យរបស់កម្ពុជា មិនមែនជារបស់ប្រទេសណានោះឡើយ ខណៈការលើកឡើងរបស់សម្តេចធិបតីបែបនេះ គឺឆ្លើយតបទៅប្រទេស ឬក្រុមប្រឆាំងមួយក្តាប់តូច ដែលចោទថា ខេត្តជាប់ដែនសមុទ្រមួយនេះ នឹងបាត់នូវអធិបតេយ្យ ឬក្លាយទៅជាប្រទេសនេះ ប្រទេសនោះ ក្រោយឃើញក្រុមអ្នកវិនិយោគចិនច្រើនសន្ធឹកសន្ធាប់នោះ។
-សម្ដេចធិបតី ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋឱ្យសម្លឹងមើលសមិទ្ធផលជាក់ស្ដែងចំពោះការអភិវឌ្ឍប្រទេសជាតិ កុំជឿទៅតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច។
-សម្ដេចធិបតី ថ្លែងថា កម្ពុជាកំពុងក្លាយជាទីតាំងបណ្ដុះបណ្ដាលទាំងក្នុងតំបន់ និងអន្តរជាតិក្នុងនោះមានដូចជា ជំនាញធ្វើអវយវៈសិប្បនិម្មិត និងដោះមីនជាដើម។ ក្រៅពីនេះ ក៏មានវិនិយោគិនខ្មែរជាច្រើនទៅបណ្ដាក់ទុននៅប្រទេសដទៃផងដែរ។
-សម្ដេចធិបតី ថ្លែងជូនពរដល់សាលាបណ្ដុះបណ្ដាល, អ្នកជំនាញកម្ពុជា និងធុរជនខ្មែរទាំងអស់ សូមឱ្យកាន់តែជោគជ័យ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិឱ្យកាន់តែល្បាញល្បីថែមទៀត។
-សម្ដេចធិបតី ថ្លែងថា៖«តើខ្មែរហ្នឹងវាយ៉ាងម៉េច? តើខ្មែរហ្នឹងល្ងង់ ហីយ៉ាងម៉េច? ឱ្យអ្នកឯងយកទឹកដីបានងាយៗ? »។ នេះគឺជាសំណួរ ដែលសម្ដេច បានចោទសួរទៅកាន់បុគ្គលម្នាក់ដែលរស់នៅបរទេសហើយសរសើរប្រទេសជិតខាងថាឆ្លាតជាងខ្មែរ ហើយតែងតែបង្អាប់ខ្មែរគ្នាឯង។
-សម្ដេចធិបតី បានថ្លែងពន្យល់ត្រឡប់ទៅវិញថា ខ្មែរឆ្លាត ខ្មែរមិនអន់ទេ ព្រោះខ្មែរបានសាងសង់អង្គរ និងសាងសង់សមិទ្ធផលជាក់ស្ដែងនាពេលបច្ចុប្បន្ន ខ្មែរក៏មានសមត្ថភាពការពារទឹកដីខ្មែរមិនឱ្យបាត់បង់ងាយៗ។ ជាពិសេសខ្មែរមានសមត្ថភាពបំពេញការងារ កាន់តំណែងនៅក្រុមហ៊ុនធំៗ ដែលតំណែងនោះកាលពីអតីតកាលធ្លាប់តែជនបរទេសមកបំពេញការងារនៅកម្ពុជា។
-សម្ដេចធិបតី ថ្លែងពន្យល់ថា មូលហេតុដែលគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវជីកបត់បែន មិនជីកត្រង់ដូចបន្ទាត់ ក៏ព្រោះតែដើម្បីបញ្ចៀសផលប៉ះពាល់បរិស្ថាន ធម្មជាតិ និងជាពិសេសមិនប៉ះពាល់ប្រជាពលរដ្ឋ មិនប៉ះពាល់ដល់ផ្ទះ ហេដ្ឋារចនាសម្ព័ន្ធ ក្រុង ស្រុក ខណ្ឌ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ប្រាប់ទៅនិស្សិតមកពីខេត្តរតនគិរី មណ្ឌលគិរីថា សូមជឿលើរដ្ឋាភិបាលកម្ពុជាចុះ គ្មានបរទេសណាអាចលេបទឹកដីខេត្តដែលជាខេត្តនៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណបានឡើយ៕
ដោយ៖ ស តារា