អន្តរជាតិ ៖ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តាមដំណឹងនៃទីភ្នាក់ងារសារព័ត៌មានសាធារណរដ្ឋអ៊ិស្លាមអុីរ៉ង់ដែលចេញផ្សាយនាថ្ងៃទី៥ខែសីហាឆ្នាំ២០២៤បានឱ្យដឹងថា ថ្ងៃដដែលពេលជួបជាមួយលោក Sergey Kuzhugetovich Shoigu លេខាធិការនៃគណៈកម្មាធិការសន្តិសុខសហព័ន្ធរុស្ស៊ីដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងតេហេរ៉ង់ រដ្ឋធានីអុីរ៉ង់ លោក Masoud Pezeshkian ប្រធានាធិបតីអុីរ៉ង់បានថ្លែងថា រុស្ស៊ីគឺជាដៃគូយុទ្ធសាស្ត្ររបស់អុីរ៉ង់។ ការពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយរុស្ស៊ីគឺជាការងារជាអាទិភាពនៃគោលនយោបាយការទូតរបស់អុីរ៉ង់។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោក Pezeshkian បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអុីរ៉ង់និងរុស្ស៊ីក្នុងកិច្ចការតំបន់និងអន្តរជាតិគឺមានសារៈសំខាន់ណាស់។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការបង្កើតពិភពលោកពហុប៉ូលនឹងមានអំណោយផលសម្រាប់ការជំរុញសន្តិភាពនិងសន្តិសុខសកល។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ ជាការឆ្លើយតប លោក Shoigu បានថ្លែងថា អុីរ៉ង់គឺជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់រុស្ស៊ីនៅក្នុងតំបន់នេះ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងគ្រប់វិស័យសុទ្ធតែកំពុងវិវឌ្ឍទៅមុខ។ ភាគីរុស្ស៊ីមានឆន្ទៈពន្លឿនការសម្រេចបាននូវគម្រោងដែលសហប្រតិបត្តិការជាមួយអុីរ៉ង់៕
ដោយ ៖ សិលា