ខេត្តសៀមរាប៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកម្លាំងអន្តរាគមន៍ពាក់ព័ន្ធ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្រ្តមួយចំនួន កាលពីថ្ងៃទី៤ សីហាថ្មីៗនេះ នៅខេត្តសៀមរាប និងខេត្តបាត់ដំបង។
ការចុះបង្ក្រាបនេះ មានការចូលរួមពីក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាបប្រចាំស្នាក់ការកំពង់ភ្លុកដឹកនាំដោយលោក កើត គា នាយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប តំណាងរដ្ឋបាលជលផល និងសហការី លោកវរៈសេនីយ៍ឯក សេង សំអាត តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកវរសេនីយ៍ត្រី រស់ សុផុនណេន តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ។
ដំណើរអនុវត្តការងារនោះ ក៏មានការចូលរួមសហការដឹកនាំពីកំលាំងខណ្ឌរដ្ឋបាលជលផលបាត់ដំបង ផ្នែករដ្ឋបាលជលផលព្រែកទាល់ សង្កាត់រដ្ឋបាលជលផលកំពង់ប្រហុក និងសហគមន៍នេសាទអន្លង់តាអួ ដែលកំលាំងសរុបចំនួន២៧នាក់។
ប្រតិបត្តិការបង្រ្កាបដោយប្រើមធ្យោបាយកាណូតធំចំនួន០១គ្រឿង កាណូតស្មាច់ចំនួន០៤គ្រឿង បានចេញត្រួតពិនិត្យ និងបង្រ្កាបបទល្មើសចាប់ពីចំណុចមុខពាមមេជ្រៃ ស្ថិតក្នុងភូមិសាស្រ្តឃុំកែវពណ៍ ស្រុកពួកខេត្តសៀមរាប រហូតដល់ចំណុចមុខពាមព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជាលទ្ធផល មន្ដ្រីជំនាញនិងកងអន្តរាគមន៍ចម្រុះបានរុះរើ និងបំផ្លាញចោលនៅនឹងកន្លែង នូវឧបករណ៍នេសាទល្មើសច្បាប់ របាំងសាច់អួនក្រឡាតូចជាង៣សង់ទីម៉ែត្រ បានចំនួន០២ករណី រួមមាន៖ របាំងសាច់អួនក្រឡាញឹកចុះនួន ២៥របាំង ឡុកចំនួន២៥ឡុក បង្គោលចំរឹង ៣២០០ដើម និងបានចាក់លែងត្រីចំរុះចំនួន ៧០គីឡូក្រាម៕
ដោយ៖ តារា