ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៩ ខែសីហា ក្នុងការប្រារព្ធទិវាអន្តរជាតិជនជាតិ ដើមភាគតិចពិភពលោកដើម្បីផ្សព្វផ្សាយអំពីប្រពៃណី ទំនៀមទម្លាប់ ស្វែងយល់អំពីជីវភាពរស់នៅ របស់បងប្អូនជនជាតិដើមភាគតិច និងដើម្បីការពារអភិរក្សនូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសារបស់បងប្អូន។ ក្នុងឱកាសដ៏ប្រពៃនៃទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ៖ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែង សូមថ្លែង នូវសារលិខិតជូនបងប្អូនជនជាតិដើមភាគតិចទាំងអស់ ជាទីស្រលាញ់ ក្រោមប្រធានបទ “ការការពារសិទ្ធិរស់នៅ និងប្រាស្រ័យទាក់ទងតាម បែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត”។
ជនជាតិដើមភាគតិច ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន៖ កួយ ទំពួន គ្រឹង ចារាយ ព្នង ជ្រៅ កាវ៉ែត ស្បៀង ក្រោល មិល កាចក់ ព័រ ខោញ ផង សួយ ជូន លុន ស្ទូច រដែ ខិ រអង ស្តុង លីន សំរែ និងជនជាតិដើមភាគតិចមួយចំនួនផ្សេងទៀត។ បងប្អូនជនជាតិដើមភាគតិចទាំងអស់ មានប្រមាណជា ១,៤% នៃចំនួនប្រជាជនសរុប និងរស់នៅក្នុងខេត្តមួយចំនួនដូចជា៖ រតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប និងនៅតាមតំបន់មួយចំនួនទៀត។ បងប្អូនជនជាតិដើមភាគតិច យើងប្រកាន់យកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសាផ្សេងៗគ្នាទៅតាមក្រុមរបស់ខ្លួន។
រាជរដ្ឋាភិបាលកម្ពុជាគោរព និងការពារសិទ្ធិជនជាតិដើមភាគតិចដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១ ដោយបានធានាពីសិទ្ធិស្មើគ្នាទាំងអស់របស់ប្រជាជនកម្ពុជា ដោយមិនគិតពីពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ និងសាសនា។ ជាមួយគ្នានេះដែរ
គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច និងអនុក្រឹត្យលេខ ៨៣ អនក្រ.បក ស្តីពី នីតិវិធីនៃ ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច បានបញ្ជាក់យ៉ាងច្បាស់នូវគោលបំណង ការពារ និងអភិរក្ស វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសាក៏ដូចជាការលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ។ លើសពីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានចេញលិខិតទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចបានចំនួន ១៩៤ សហគមន៍ និងចូលរួមអនុម័តបទបញ្ជាផ្ទៃក្នុង ស្តីពីការប្រើប្រាស់ និងគ្រប់គ្រងដីជាសមូហភាពសហគមន៍ជនជាតិដើមភាគតិចបានចំនួន ១០១ សហគមន៍។
នេះសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់បង ប្អូនជនជាតិដើមភាគតិច ក្នុងការការពារ អភិរក្ស និងថែរក្សាតម្លៃសីលធម៌ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ និងរស់រវើក ជាពិសេសបានផ្តល់ឱកាស និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ។ យើងកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ការងារអភិវឌ្ឍន៍និង អភិរក្សជនជាតិដើមភាគតិចមានការរីកចម្រើន និងសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។ ទាំងអស់នេះ កើតឡើងពីការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ រាជរដ្ឋាភិបាល និងមានការចូលរួមសហការ និងគាំទ្រយ៉ាងជិតស្និទ្ធពីដៃគូអភិវឌ្ឍ អង្គការមិនមែន រដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយល់ដឹងនូវសារៈសំខាន់នៃការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិច។
សម្តេចធិបតី បន្តថា ៖ ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលនានា ដែលបានចូលរួមយ៉ាងសកម្មក្នុង ការងារលើកកម្ពស់ការអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិច នាពេលកន្លងមក។ ខ្ញុំសូមលើកទឹកចិត្ត ឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសហការដើម្បីជំរុញការងារលើកកម្ពស់ការអភិវឌ្ឍ និងអភិរក្ស ជនជាតិដើមភាគតិចឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពថែមទៀត៕
ដោយ ៖ សិលា