ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តកោះកុង ព្រះសីហនុ​ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១៥%

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​ នៅតាមបណ្ដា​រាជធានី​ ខេត្ត​ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១០%​ ទៅ១៥%។ 

ក្រសួង​ បានបញ្ជាក់ថា​ ព្យុះទី៥ឈ្មោះ ម៉ារីយ៉ា (Maria) ស្ថិតនៅសមុទ្រចិនខាងកើត ធ្វើឱ្យខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman និងឈូងសមុទ្រថៃ មានការថយឥទ្ធិពល ខណៈសម្ពាធទាប គ្របដណ្តប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤

១-តំបន់វាលទំនាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម២,៥០ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល និង ភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%។

២-តំបន់ខ្ពង់រាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមាន ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%។

៣-តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម ២,៥០ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ​ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១៥%។ 

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

ដោយ​៖ តារា​


ចែករំលែក៖