ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្តិបណ្ឌិត ស សុខា អំពាវនាវឱ្យពលរដ្ឋថែរក្សាសុខភាពខ្លួនឯង និងគ្រួសារ ដើម្បីពង្រឹងគុណភាពធនធានមនុស្សនៅកម្ពុជា

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ និយាយជារួម និងដោយឡែក ប្រជាពលរដ្ឋដែលមកចូលរួមទទួលការពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាវយិន ខិតខំថែរក្សាសុខភាពខ្លួនឯង និងក្រុមគ្រួសារ ជាពិសេសកុមារដែលកំពុងលូតលាស់និងទទួលការអប់រំ ដើម្បីរួមចំណែកគាំទ្រគោលនយោបាយពង្រឹងគុណភាពធនធានមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ថ្លែងទៅកាន់អាជ្ញាធរ និងប្រជាពលដ្ឋ ក្នុងពិធីពិនិត្យនិងព្យាបាលជំងឺ រៀបចំនៅវិទ្យាល័យអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នេះ លោកអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ដើម្បីសម្រេចបានគោលដៅពង្រឹងគុណភាពធនធានមនុស្ស ដូចមានកំណត់ក្នុងមុំនៃយុទ្ធសាស្រ្តបញ្ចកោណ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខភាពសាធារណៈ ដោយបានពង្រឹងគុណភាពនៃការផ្ដល់សេវាពិនិត្យនិងព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ព្រមទាំងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃកាថែទាំសុខភាព។

បើតាម លោកអភិសន្តិបណ្ឌិត ស សុខា ដោយសារការមើលឃើញពីសារៈសំខាន់នៃសុខភាពសាធារណៈ ជាពិសេសុខុមាលភាពរបស់ប្រជាជននេះហើយ ទើបនៅកម្ពុជាមានបណ្ដាអង្គការ និងសមាគមជាតិ និងអន្តរជាតិជាច្រើន បាននិងកំពុងរួមចំណែកធ្វើសកម្មភាពមនុស្សធម៌ផ្នែកសុខាភិបាលជូនប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តួយ៉ាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ឬគ្រូពេទ្យ TYDA ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកអភិសន្តិបណ្ឌិត ស សុខា និងជាក់ស្ដែងនៅថ្ងៃនេះផ្ទាល់ ក៏មានក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាវយិន កំពុងចូលរួមពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋក្នុងស្រុកសង្កែដោយឥតគិតថ្លៃ។

គួរកត់សម្គាល់ថា ក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាវយិន បានបំពេញបេសកកម្មនៅកម្ពុជារយៈកាល២០ឆ្នាំ ដោយចាប់ផ្តើមដំបូងក្រោមការជួយជ្រោមជ្រែងពី សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បច្ចុប្បន្នជាសមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ សម្រាប់បេសកកម្មនៅស្រុកសង្កែនេះ មានការសម្របសម្រួលពីលោកបណ្ឌិត ឈឹម ផាន់ណា ការចូលរួមពីគ្រូពេទ្យចំណានៗ មកពីប្រទេសចិន ថៃ ម៉ាឡេស៊ី និងកោះតៃវ៉ាន់ រួមទាំងក្រុមគ្រូពេទ្យក្នុងស្រុកមួយចំនួនទៀត ដោយប្រើវិធីសាស្រ្តពិនិត្យនិងព្យាបាលជំងឺទូទៅមួយចំនួនតាមវិធីសម័យ និងបុរាណ។

ក្នុងឱកាសនោះដែរ លោកភិសន្តិបណ្ឌិត ស សុខា បានថ្លែងកោតសរសើររដ្ឋបាលខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋានដែលបានសម្របសម្រួល ដោយមានការគាំទ្រពីក្រុមការងារសហភាពសហព័ន្ធយុវជន ស.ស.យ.ក និងក្រុមការងារយុវជនកាកបាទក្រហមកម្ពុជា ស្រុកសង្កែ ធ្វើឱ្យក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាវយិន មានលទ្ធភាពងាយស្រួលក្នុងការផ្ដល់សេវាពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ លោកអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណក្រុមគ្រូពេទ្យ និងក្រុមការងារលោកបណ្ឌិត ឈឹម ផាន់ណា ដែលមិនត្រឹមតែផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដល់អំណោយអង្ករជូនពលរដ្ឋទៀតផង៕

ដោយ ៖ សិលា


ចែករំលែក៖