ខេត្តព្រះវិហារ ៖ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ទេសរដ្ឋមន្រ្តីកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ខូចខាតនៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។
នៅខេត្តព្រះវិហារ ផលប៉ះពាល់និងខូចខាតលើដំណាំស្រូវដោយជំនន់ទឹកភ្លៀង៖
* ផ្ទៃដីប៉ះពាល់ចំនួន២,៩៧១ហិកតា
* ខូចខាតទាំងស្រុងចំនួន៣៦៥ហិកតា។ ក្នុងចំណោមស្រុកដែលប៉ះពាល់ក្នុងខេត្តព្រះវិហារ មានឃុំពុទ្រា ស្រុកជ័យសែន ប៉ះពាល់ច្រើនជាងគេ។
នៅខេត្តស្ទឹងត្រែង ផលប៉ះពាល់និងខូចខាតលើដំណាំស្រូវដោយជំនន់ទឹកភ្លៀង៖
* ផ្ទៃដីប៉ះពាល់ចំនួន៥៩៦ហិកតា
* ខូចខាតទាំងស្រុងចំនួន៩៧ហិកតា។ ក្នុងចំណោមស្រុកដែលប៉ះពាល់ក្នុងខេត្តស្ទឹងត្រែង មានឃុំឫស្សីស្រែ និងឃុំថាឡាបរិវ៉ាត ស្រុកថាឡាបរិវ៉ាត ប៉ះពាល់ច្រើនជាងគេ។
ក្នុងពេលចុះពិនិត្យនេះដែរ លោកទេសរដ្ឋមន្រ្តី គន់ គីម បានសម្តែងការស្តោកស្តាយចំពោះការប៉ះពាល់និងខូចខាតនេះ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ធ្វើឲ្យឆ្នាំនេះទឹកមានទំហំធំ និងឡើងមុនពេលវេលា។
ជាមួយនេះ លោកទេសរដ្ឋមន្រ្តីក៏បានណែនាំដល់អាជ្ញាធរ និងជំនាញ ពិសេសខាងកសិកម្មយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់ កាត់បន្ថយផលប៉ះពាល់នៅពេលខាងមុខ និងពិនិត្យលទ្ធភាពផ្លាស់ប្តូរប្រភេទដំណាំនៅតំបន់ដែលមិនអាចធ្វើស្រូវបាន។
បន្ថែមពីនេះ អាជ្ញាធរឃុំ ស្រុក ត្រូវលៃលកថវិកាប្រចាំឆ្នាំសម្រាប់ការឆ្លើយតប និងការជួសជុលស្តារឡើងវិញក្នុងមូលដ្ឋាន៕
ដោយ៖ សូរិយា