អន្តរជាតិ ៖ នាល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ រដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសបង់ក្លាដែសដែលដឹកនាំដោយលោក Muhammad Yunus សេដ្ឋវិទូបានស្បថចូលកាន់តំណែងនៅយប់ថ្ងៃទី ៨ ខែសីហានៅទីក្រុង Dhaka រដ្ឋធានីរបស់បង់ក្លាដែស ។
គេហទំព័រ «CCFR China state-controlled media » ពិធីចូលកាន់តំណែងត្រូវបានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់លោក Mohammed Shahabuddin Chuppu ប្រធានាធិបតីបង់ក្លាដែស ។ សមាជិកនៃរដ្ឋាភិបាលបណ្ដោះអាសន្នរួមមានលោក Muhammad Yunus ជាប្រធានទីប្រឹក្សា (ឋានៈស្មើនឹងនាយករដ្ឋមន្ត្រី) និងទីប្រឹក្សាចំនួន ១៦ រូបទៀត ។ លោក Yunus បានថ្លែងសុន្ទរកថានៅអាកាសយានដ្ឋាន បន្ទាប់ពីធ្វើដំណើរពីទីក្រុងប៉ារីសទៅដល់ទីក្រុង Dhaka នៅរសៀលថ្ងៃដដែលនោះ ដោយលើកឡើងថា ការគាំពារច្បាប់និងសណ្តាប់ធ្នាប់ គឺជាភារកិច្ចចម្បង ហើយរដ្ឋាភិបាលថ្មីនឹងការពារប្រទេសបង់ក្លាដែសឱ្យបន្តឆ្ពោះទៅមុខ៕
ដោយ ៖ សិលា