ខេត្តប៉ៃលិន៖ អ្នកនាំពាក្យសាលាដំបូងខេត្តប៉ៃលិន នៅល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៤នេះ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ៖ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន បានបង្ក្រាបករណីគ្រឿងញៀន ស្ថិតនៅចំណុច សណ្ឋាគារដោយមិនII(ម្កុដពេជ្រ) និងសណ្ឋាគារ មិទូ នៅ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឃាត់ខ្លួន ជនសង្ស័យបានចំនួន ០៤ នាក់ ជា ជនជាតិចិន និងដោះលែងចំនួន០២ នាក់ ដោយសម្ថកិច្ចកងរាជអាវុធខេត្ត បន្ទាប់មកបានបញ្ជូនជន សង្ស័យចំនួន ០២នាក់ទៀត មកអយ្យការអមសាលាដំបូងខេត្ត តាមរបាយការណ៍សរុបលេខ ០១១/២៤ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ក្រោយពីតំណាងអយ្យការធ្វើការសាកសួរជនសង្ស័យរួចហើយក៍បញ្ជូន សំណុំខាងមកសាលាដំបូងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ១៥១/២៤ ចុះថ្ងៃទី០៨ ខែ សីហា ឆ្នាំ២០២៤ បន្ទាបមកនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ១៩៥ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន ទាក់ទិនករណី ជួញដូរ,រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលមានជនត្រូវចោទចំនួន ០២ នាក់ ជាជនជាតិចិន មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ លី ជី ហៅ ឈិន ហ្វុងភេទប្រុស អាយុ ២៨ ឆ្នាំ ដកហូតបានវត្ថុតាងជាថ្នាំញៀន (ប្រភេទម្សៅក្រាមពណ៌ ទម្ងន់៤៣,៣៧ ក្រាមថ្នាំសុទ្ធ និងប្រភេទគ្រាប់ WY ចំនួន ២៩ គ្រាប់ ទម្ងន់ ២,៦៩ ក្រាម ។
២-ឈ្មោះ វ៉ង យ៉ូឈីន ភេទប្រុស អាយុ៣៦ ឆ្នាំដកហូតវត្ថុតាងជាថ្នាំញៀន(ប្រភេទម្សៅក្រាម ពណ៌ស ទម្ងន់១៥៦,៤៩ ក្រាមថ្នាំសុទ្ធ និងប្រភេទគ្រាប់WY ចំនួន ៧៩ក្រាប់ ទម្ងន់ ៧,២៧ ក្រាម ។ -វត្ថុតាងជាថ្នាំញៀនសរុប៖ ប្រភេទម្សៅក្រាមពណ៌ស ទម្ងន់ ១៩៩,៨៦ ក្រាម និង ប្រភេទ គ្រាប់WY ចំនួន ១០៨ គ្រាប់ ទម្ងន់ ៩,៩៦ ក្រាម ។
ត្រូវបានចោទប្រកាន់ពីបទ៖ ជួញដូរ,រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងផ្តន្ទាទោសតាមមាត្រា ៤០ និងមាត្រា ៤៥ នៃច្បាប់ស្តីពីត្រួតពិនិត្យ គ្រឿងញៀន ។
ក្រោយពីបានសាកសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងដែលមានក្នុងសំណុំរឿង ចៅក្រម ស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ០២ នាក់ខាងលើ តាមដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះ អាសន្នលេខ ៥៩៨ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ (វ៉ង យូលីន) និង ដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ ៦០០ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤(លី ជី ហៅឈិន ហ្វុង) ដាក់ពន្ធនាគារ ខេត្តប៉ៃលិន នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នេះផងដែរ ។
អ្នកនាំពាក្យសាលាដំបូងខេត្តប៉ៃលិន សូមបញ្ជាក់ជូនសាធារណជនបន្ថែមផងដែរថា ចំពោះបទ ល្មើសដែលធ្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ តុលាការបាន កំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹងបំផុត៕
ដោយ៖ តារា