កីឡាករចំបាប់អូឡាំពិកអេហ្ស៊ីបឈ្មោះ Mohamed Kesho Ibrahim ត្រូវបានចាប់ខ្លួននៅទីក្រុងប៉ារីស ពីបទបៀតបៀនផ្លូវភេទ។ ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសបានចេញសេចក្តីថ្លែងការណ៍មួយថា “នៅថ្ងៃទី៩ ខែសីហាប្រហែលម៉ោង៥ព្រឹកបុរសម្នាក់កើតក្នុងខែមីនា ឆ្នាំ១៩៩៨ នៅក្នុងប្រទេសអេហ្ស៊ីបដែលជាអត្តពលិកកីឡាចំបាប់នៅក្នុងគណៈប្រតិភូអូឡាំពិកត្រូវបានចាប់ខ្លួននៅមុខហាងកាហ្វេ Oz” ។
គេយល់ថា កីឡាករខាងលើត្រូវបានចាប់ខ្លួនដោយចោទថា បានប៉ះគូទអតិថិជនម្នាក់ទៀតនៅហាងកាហ្វេ។ គណៈកម្មាធិការអូឡាំពិកអេហ្ស៊ីប (EOC) បានដាក់ឈ្មោះ Kesho ដែលបានឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ Tokyo Games 2020 ជាសមាជិកក្រុមដែលត្រូវបានចាប់ខ្លួន។
EOC បានបន្ថែមថា គាត់នឹងត្រូវបានស៊ើបអង្កេតដោយគណៈកម្មាធិការសីលធម៌របស់ខ្លួន ហើយអាចប្រឈមមុខនឹងការហាមឃាត់មួយជីវិតពីការប្រកួតប្រជែង។ ប្រសិនបើការចោទប្រកាន់ត្រូវបានបញ្ជាក់ នោះអ្នកចំបាប់រូបនេះនឹងប្រឈមមុខនឹងការព្យួរជាអចិន្ត្រៃយ៍ ហើយនឹងត្រូវហាមឃាត់មិនឱ្យចូលរួមក្នុងការប្រកួតទាំងក្នុងស្រុក និងអន្តរជាតិ។
Kesho ត្រូវបានកីឡាករសញ្ជាតិអាស៊ែបៃហ្សង់ Hasrat Jafarov វាយឲ្យសន្លប់ក្នុងទឹកទី១នៃការប្រកួតចំបាប់ Greco-Roman ក្នុងទម្ងន់៦៧គីឡូក្រាមកាលពីថ្ងៃពុធក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤នេះ។
គណៈកម្មាធិការអូឡាំពិកអេហ្ស៊ីប EOC បានបញ្ជាក់ថា គាត់ត្រូវបានអនុញ្ញាតឱ្យចាកចេញពីជំរុំអេហ្ស៊ីបដើម្បីមើលវគ្គផ្តាច់ព្រ័ត្រនៃប្រភេទទម្ងន់របស់គាត់ ប៉ុន្តែមិនបានត្រឡប់មកវិញហើយក៏បិទទូរស័ព្ទរបស់គាត់ ៕
ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)