មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅទស្សនាតំបន់លិចទឹក នៅជិតព្រំដែនជាមួយប្រទេសចិនក្នុងសប្តាហ៍នេះ ដើម្បីដោះស្រាយផែនការ ជួយអ្នករងគ្រោះ ប៉ុន្តែបដិសេធមិនទទួលយកជំនួយពីខាងក្រៅ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ នៅថ្ងៃទី១០ខែសីហា ថា លោក គីម បានធ្វើដំណើររយៈពេលពីរថ្ងៃនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រទៅកាន់ស្រុក Uiju ដែលជាតំបន់មួយក្នុងចំណោមតំបន់រងផលប៉ះពាល់ ដើម្បីផ្តល់ជំនួយបន្ថែមដល់ប្រជាជនដែលរងផលប៉ះពាល់។
កាលពីសប្តាហ៍មុន ប្រទេសកូរ៉េខាងជើងបានប្រកាសថា ផ្ទះរាប់ពាន់ខ្នងនៅក្នុងទីក្រុង Sinuiju និងស្រុក Uiju របស់ប្រទេសកូរ៉េខាងជើង ត្រូវបានជន់លិចដោយសារតែភ្លៀងធ្លាក់ខ្លាំង។
នៅចុងខែកក្កដា លោក គីម ជុងអ៊ុន បានទៅទស្សនាតំបន់លិចទឹក និងត្រួតពិនិត្យការងារជួយសង្គ្រោះដែលយោធាបានបញ្ជូនយន្តហោះចំនួន ១០ គ្រឿង ដើម្បីជួយសង្គ្រោះមនុស្សចំនួន ៤.២០០ នាក់ ដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងពីព្យុះទីហ្វុង Gaemi ។
លោក គីម ជុងអ៊ុន បានថ្លែងអំណរគុណដល់ប្រទេស និងអង្គការអន្តរជាតិ ដែលបានទាក់ទងជាមួយកូរ៉េខាងជើង ហើយបានបង្ហាញពីចេតនារបស់ពួកគេក្នុងការផ្តល់ជំនួយមនុស្សធម៌ ប៉ុន្តែបាននិយាយថា ប្រទេសនេះនឹង “ស្វែងរកផ្លូវរបស់ខ្លួនដោយកម្លាំង និងការប្រឹងប្រែងដោយខ្លួនឯង” ។
កន្លងមក ប្រទេសកូរ៉េខាងជើងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង។ លោក គីម បានថ្លែងអំណរគុណចំពោះការផ្តល់ជូននេះ ប៉ុន្តែបាននិយាយថា ចាប់តាំងពីប្រទេសរបស់លោកបានចាត់វិធានការដើម្បីអនុវត្តការងារស្តារឡើងវិញ លោកនឹងស្នើសុំជំនួយ “ប្រសិនបើជំនួយចាំបាច់”។
កាលពីសប្តាហ៍មុន កាកបាទក្រហមកូរ៉េបាននិយាយថា កូរ៉េខាងត្បូងក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ទំនិញសង្គ្រោះដល់ប្រទេសកូរ៉េខាងជើង ដើម្បីជម្នះការខូចខាតដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ៕ ដោយ៖ ធីរីណា
រូបថត៖ KCNA