ភ្នំពេញ ៖ ទីស្តីការក្រសួងនាថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការត្រៀមរៀបចំទស្សនកិច្ចសិក្សាស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍អំពី ការគ្រប់គ្រង នីតិវិធីច្បាប់ បទដ្ឋានគតិយុត្ត និងការអភិវឌ្ឍវិស័យផ្លូវដែកទៅកាន់ប្រទេសថៃ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-សា្ថប័នពាក់ព័ន្ធ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រុមការងារជំនាញបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យទៅលើប្រធានបទសំខាន់ៗមួយចំនួនដែលត្រូវលើកយកទៅជជែកពិភាក្សាជាមួយភាគីថៃក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរលើការដឹកជញ្ជូនឆ្លងកាត់ច្រកព្រំដែនអន្តរជាតិ សំដៅពង្រឹងរំហូរនៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរនៅតាមព្រំដែនអន្តរជាតិកម្ពុជា-ថៃ ឱ្យមានភាពល្អប្រសើរឡើង ជាពិសេសដើម្បីសិក្សាស្វែងយល់បន្ថែមពីការលើកកម្ពស់ និងការតភ្ជាប់វិស័យដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសទាំងពីរ ក៏ដូចជាផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក សំដៅពន្លឿននូវការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនផ្លូវដែករវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។
នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាគ្រោងនឹងជួបសវនាការ និងសម្តែងការគួរសមផងដែរ ជាមួយក្រសួងដឹកជញ្ជូនថៃ និងជួបពិភាក្សាការងារជាមួយសហគ្រាសផ្លូវដែករដ្ឋថៃ ស្ថាប័នភ្នាក់ងារថៃផ្តល់ជំនួយសម្រាប់ប្រទេសជិតខាង(NEDA) លេខាធិការដ្ឋានគម្រោងអភិវឌ្ឍន៍របៀងសេដ្ឋកិច្ចខាងកើត(EEC) ផែស្ងួតផ្លូវដែកឡាតក្រាបាំង(ICD) អង្គភាព និងវិស័យឯកជនដែលបម្រើឱ្យវិស័យផ្លូវដែកថៃ៕
ដោយ ៖ សិលា